វត្ត​ដាច់ស្រយាល​មួយ​ដែល​សាងសង់ឡើង នៅលើ​កំពូលភ្នំ​ដងរែក ហើយក៏​កំពុងមាន​ការខូចខាត ទទួលបាន​បច្ច័យ​ជិត​៦​ពាន់​ដុល្លា​សហរដ្ឋ​អា​មេ​រិច ពី​អង្គ​កឋិនទាន​មហា​សាមគ្គី សម្រាប់​ទុក​កសាង​នូវ​រាល់​សមិទ្ធិផល​នានា​

(​ព្រះវិហារ​)៖ អង្គ​កឋិនទាន​មហា​សាមគ្គី​មួយ ដែល​ផ្តួចផ្តើមឡើង​ដោយ ឯកឧត្តម លៀង ឡេង និង​លោកជំទាវ និង​ឯកឧត្ដម ច័ន្ទ សុភ​ត្រា​និង​លោកជំទាវ ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅក្នុង​អង្គភាព​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤ ប្រចាំ​ទិស​ទី​១ ប្រាសាទព្រះវិហារ និង​នៅក្នុង​អង្គភាព​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ រួម​នឹង​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា​បណ្ឌិត អ៊ឹង ឃាង លោក លោកស្រី សិស្សានុសិស្ស ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ ប្រមូល​បច្ច័យ​បាន​ជិត ៦​ពាន់​ដុល្លា​សហរដ្ឋ​អា​មេ​រិច ដង្ហែរ​ចូល​វត្ត​«​គី​រី​ទឹកធ្លាក់​តេ​ជោ​បុស្ស​ស្បូវ​» ដើម្បី​ប្រគេន​ជូន​ព្រះគ្រូ​ចៅអធិការ​វត្ត និង​គណៈកម្មាការ​អាចា​រ្យ​វត្ត សម្រាប់​ដំកល់ទុក​កសាង​នៅ​សេនាសនៈទាន រួម​នឹង​សមិទ្ធិផល​នានា​ក្នុង​វត្ត​។

​បុណ្យ​កឋិនទាន​សាមគ្គី​នេះ បាន​ធ្វើឡើង​នៅក្នុង​គេហដ្ឋាន​របស់​ឯកឧត្តម លៀង ឡេង និង​លោកជំទាវ ម៉េង សុខ​ជា កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ស្រអែម​ខាង​ត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ឯកឧត្តម លៀង ឡេង បាន​លើកឡើងថា «​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដ៏​ត្រឹមត្រូវ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ទើប​ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព​ពេញលេញ សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​ព្រះពុទ្ធសាសនា​ផងដែរ ។​

​ឯកឧត្តម លៀង ឡេង មេបញ្ជាការរង យោធភូមិភាគ​ទី​៤ លើកឡើង​បន្តថា «​មាន​សន្តិភាព​ទេ​ី​ប​មានការ​អភិវឌ្ឍន៍ មាន​សន្តិភាព ទើប​យើងទាំងអស់គ្នា​មានជីវិត​រស់រាន​រហូត​មកដល់​សព្វថ្ងៃនេះ​»​។ ឯកឧត្តម​បាន​បញ្ជាក់ថា ដោយសារតែ​ប្រទេសជាតិ​មាន​សុខសន្តិភាព ទើប​ធ្វើ​ឲ្យ​យើង​មានឱកាស​ជួបជុំគ្នា​ធ្វើ​បុណ្យទាន បាន​គ្រប់​ទីកន្លែង នៅ​ទូរ​ទាំង​ផ្ទៃ​ប្រទេស​។ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព ដែល​យើង​រកបាន​មក​ដោយ​លំបាក​នេះ ឲ្យ​បាន​គង់វង្ស​ជា​រៀងរហូត​។​

​បន្ថែម​ពីនេះ ឯកឧត្តម ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ បន្ត​គោរព​ប្រតិបត្តិ ថែរក្សា និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ និង​ជា​ប្រពៃណី ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​យើង ដែលមាន​តាំងពី​បុរាណកាល​មក ឲ្យ​ស្ថិតនៅ​គង់វង្ស និង​មាន​ការវិវឌ្ឍ​រីកចម្រើន​ជាង​នេះ​ថែមទៀត​។​

​សូមបញ្ជាក់ថា​៖ វត្ត​គី​រី​ទឹកធ្លាក់​តេ​ជោ​បុស្ស​ស្បូវ បាន​សាងសង់ឡើង​នៅលើ​កំពូលភ្នំ​ដងរែក មាន​ចម្ងាយ​ប្រមាណ​ជាង​៧​គីឡូម៉ែត្រ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ វត្ត​នេះ​សាងសង់ឡើង​នៅ​ចុងឆ្នាំ​២០១៧ មាន​ផ្ទៃដី​២០០​ម៉ែត្រ​×៥០០​ម៉ែត្រ បច្ចុប្បន្ន​មាន​ព្រះសង្ឃ​ចំនួន​៧​អង្គ នៅ​គង់​ចាំ​ព្រះវស្សា ស្ថិតនៅ​ក្នុងភូមិ​តេ​ជោ​បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​