ឯកឧត្ដម ឈួរ ច័ន្ទឌឿន ជម្រុញដល់កម្លាំងសមត្ថកិច្ច​អាជ្ញាមូលដ្ឋានសហការគ្នាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងថ្ងៃសម្រាក​នៃព្រះរាជពិធីបុណ្យអកអំបុកសំពះព្រះខែ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង សហការជាមួយកងកម្លាំងសមត្ថកិច្ច រៀបចំផែនការការពារសន្តិសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អប្រសើរបំផុតនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអកអំបុកសំពះព្រះខែដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា នាពេលខាងមុខនេះគឺមានកម្មវិធីបុណ្យជាតិ ដែលមានថ្ងៃឈប់សម្រាកយូរ ដូចនេះ ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្មករ កម្មការនីនឹងមកលេងស្រុកកំណើត ដើម្បីចូលរួមព្រះពិធីបុណ្យអកអំបុកសំពះព្រះខែនៅស្រុកផងដែរ ដូចនេះ យើងជាអាជ្ញាធរមូលដ្ឋានត្រូវតែយកចិត្តទុកដាក់ពង្រឹងកិច្ចការសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អ ទប់ស្កាត់រាល់បទល្មើសនានាកុំឲ្យកើតមានឡើង។ ជាមួយនេះអាជ្ញាធរក៏ត្រូវពិនិត្យតាមទីអារាមនានាដែលក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋអាចទៅលេងបុណ្យអកអំបុកសំពះព្រះខែនៅឯវត្តផងដែរ។

សមត្ថកិច្ចនគរបាលចរាចរាណ៍ ក៏ត្រូវដាក់កម្លាំងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅគ្រប់គោលដៅ ដោយបញ្ចៀសឱ្យបាននូវការកកស្ទះចរាចរណ៍តាមទីប្រជុំជននានាក្នុងខេត្ត និងតាមតំបន់រមនីយដ្ឋានទេសចរណ៍នានា។ ហើយក៏ត្រូវតែអនុវត្តឱ្យបានតឹងរឹងនូវវិធានការនៃការអនុវត្តច្បាប់ចរាចរណ៍ ព្រោះក្នុងរយៈពេលនេះកំណើននៃការប្រើប្រាស់ផ្លូវមានច្រើន ដោយរួមគ្នាកាត់នូវអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាននៃខេត្តកំពង់ឆ្នាំង ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស