ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ជាង៤០០គ្រួសារ ទាំង ៦ឃុំ នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជន

សៀមរាប៖ នៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្រីក្រ១ និងរងផលប៉ះពាល់ជំនន់ទឹកភ្លៀងចំនួន ៤១៦គ្រួសារ នៅស្រុកស្រីស្នំ បានទទួលអំណោយពីសប្បុរសជន តាមរយ:ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ខេត្តសៀមរាប ។

ឯកឧត្ដម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររារដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ មានប្រសាសន៍ថា អំណោយទាំងអស់នេះ ជាការផ្ដល់ជូនពីក្រុមសប្បុរសជននៅក្នុងប្រទេស និងក្រុមហ៊ុនឯកជនមួយនៅខេត្ដសៀមរាប និងនៅទីក្រុងភ្នំពេញ តាមរយ:រូបលោកនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៃស្រុកស្រីស្នំ។ ឯកឧត្ដម បានបន្ថែមថា អំណោយទាំងនេះ បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោសារទឹកជំនន់កន្លងមក និងប្រជាពលរដ្ឋក្រីក្រ ដែលមកពីតាមបណ្ដាឃុំចំនួន៦ នៃស្រុកស្រីស្នំ ដែលបង្ហាញថា ប្រមុខរាជរដ្ឋាភិបាលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅតែបន្ដយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតជាពិសេសយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ស្របពេលដែលនៅលើពិភពលោកបានជួបបញ្ហាជំងឺកូវីដ-១៩។ ឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់ពលរដ្ឋអោយយកចិត្ដទុកដាក់ថែរក្សាសុខភាពក្នុងពេលទឹកជំនន់នេះផងដែរ។

អំណោយទាំងនោះរួមមាន: អង្ករ ត្រីខ ទឹកសាអ៊ីវ ភួយ ថ្នាំពេទ្យ និងថវិកាចំនួន ២មុឺនរៀលក្នុងមួយគ្រួសារៗ។ អំណោយដែលបានផ្ដល់ជួននៅពេលនេះមិនច្រើនក៏ពិតមែន ប៉ុន្ដែប្រជាពលរដ្ឋមានក្តីសោមនស្សរីករាយ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ាន បូរ៉ាត ចែកអំណោយជូនដល់គ្រួសារក្រីក្រ ១ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នាពេលនេះ។
លោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ មានប្រសាសន៍ថា ស្រុកនេះមានឃុំចំនួន៦ឃុំ ដែលបានទទួលរងផលប៉ះពាល់ទាំងអស់។ ផលប៉ះពាល់ដោយសារគ្រោះមហន្តរាយជារៀងរាល់ឆ្នាំ ដូចជាខ្យល់កន្ត្រាក់ រាំងស្ងួត ទឹកជំនន់ រន្ទះបាញ់ ភ្លើងឆេះព្រៃជាដើម។ លោកថា គិតចាប់ពីថ្ងៃ ទី០៩ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ស្រុកស្រីស្នំ បានរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង ចំនួន៣១ភូមិ សរុប៥,០៧៩ខ្នងផ្ទះ ជង្រុកស្រូវចំនួន៤៨៤ខ្នង។ ក្នុងនោះលិចផ្ទះកំរិតស្រាលចំនួន៦៣៤ខ្នងផ្ទះ លិចទីធ្លាសាលារៀន៥ លិចទីធ្លាវត្ត២ លិចទីធ្លាសាលាឃុំ២ លិចទីធ្លាមណ្ឌលសុខភាព១ និងប៉ះពាល់ស្រូវចំនួន៤៦៧៥ហិតា ដំឡូងមីចំនួន៤១៩៩ហិតា។

លោកបានបន្ដថា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បាននាំយកអំណោយមនុស្សធម៌ ដែលជាអំណោយ ដ៏ថ្លៃថ្លៃរបស់សាខា កាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅគោកកៀនស្រែ ស្ថិតក្នុងភូមិព្រេច ឃុំត្រាំសសរ ស្រុកស្រីស្នំ ចំនួន២៨គ្រួសារបានចំនួន០១ លើក។ជាមួយគ្នានោះដែរ អាជ្ញាធរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បានអមដំណើរដែលបានកៀរគររកជំនួយឧបត្ថម្ភ និងចំណាយវេលាដ៏មានតម្លៃ ដើម្បីចែកជូនគ្រួសារក្រីក្រជួបការលំបាក និងគ្រួសាររងគ្រោះដោយទឹកជំនន់ជានិច្ចកាលជួយសង្គ្រោះដល់គ្រួសារក្រីក្រ ជនគ្មានទីពឹង ចាស់ជរា និងក្មេងកំព្រាផងដែរ៕

អត្ថបទ និងរូបភាព: លោក បូ សាវី
កែសម្រួលដោយ លីវ សុខុន
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស