សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ខេត្តព្រះវិហារ អញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ៥០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅក្រុងស្ទឹងសែន

(កំពង់ធំ)៖ ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការបន្ទាន់របស់បងប្អូនប្រជាពលរដ្ឋ លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន និងលោក ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ – ខេត្តព្រះវិហារ រួមទាំងសហការី បានអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន៥០គ្រួសារ រស់នៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០។

លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែនបានថ្លែងអំណរគុណនិងសូមកោតសរសើរចំពោះលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ខេត្តព្រះវិហារ រួមជាមួយនិងសហការីទាំងអស់ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរដែនដីក្នុងការចូលរួមចែករំលែកដោះស្រាយទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋបានខិតខំប្រឹងប្រែងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់និងបានអំពាវនាវឲ្យអាជ្ញាធរគ្រប់រាជធានីខេត្តក្រុងចុះទៅជួបប្រជាពលរដ្ឋផ្ទាល់ដល់មូលដ្ឋានដើម្បីជួយដោះស្រាយរាល់បញ្ហាការលំបាករបស់បងប្អូននៅគ្រប់ទិសទីនិងត្រូវបំម្រើប្រជាជនដោយស្មោះបើទោះបីក្នុងតម្លៃណាក៏ដោយធ្វើយ៉ាងម៉េចឲ្យតែប្រជាជនរស់នៅបានសុខគឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរ។

លោក ឧកញ៉ាហេង សំណាង បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការជឿជាក់និងស្មោះត្រង់ក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបាននាំយកនូវសុខសន្តិភាពមកជូនបងប្អូនរហូតមកដល់សព្វថ្ងៃនេះដូច្នេះបច្ចុប្បន្នបងប្អូន លោកយាយ លោកតា រស់នៅបានសុខសាន្តក្រោមម្លប់សន្តិភាពក៏ត្រូវតែចូលរួមរក្សាម្លប់សន្តិភាពនេះឲ្យបានយូរអង្វែងនិងគង់វង្សជារៀងរហូតដើម្បីប្រទេសជាតិយើងឈានទៅរកភាពរីកចម្រើនសម្រាប់អនាគតកូនចៅជំនាន់ក្រោយ ។ ក្នុងនោះដែរលោកឧកញ៉ាបានក្រើនរំលឹកដល់បងប្អូនលោកយាយ លោកតារក្សាសុខភាពអនាម័យពិសារទឹកស្អាតរស់នៅប្រកបបរិស្ថានស្អាតដោយជុំវិញលំនៅដ្ឋាននិងបន្តចូលរួមការពារទប់ស្កាត់ការពារទប់ស្កាត់មេរោគជម្ងឺកូវិត១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន៥០គ្រួសារមានជីវភាពលំបាកខ្វះខាតបានទទួលអំណោយពីលោក ឧកញ៉ា ហេង សំណាង ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គ.ក មី១កេស ទឹកស៊ីអ៊ីវទឹកត្រី២យួរ ត្រីខ១យួរ ក្រម៉ាមួយ និងថវិកា១ម៉ឺនរៀល នេះគឺជាទឹកចិត្តសប្បុរសធម៌ក្នុងការចូលរួមចែករំលែកដោះស្រាយជូនប្រជាពលរដ្ឋក្នុងស្ថានភាពមានទឹកជំនន់ ជួយគ្នាក្នុងគ្រាមានអាសន្ន ។

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស