ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញជាអធិបតី បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡុង សុវណ្ណ បានលើកឡើងថា វេទិការនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲអាជ្ញាធរ ដែនដី និងមន្ទីរពាក់ព័ន្ធធ្វើការដោះស្រាយ និងឆ្លើយតបរាល់តំរូវការ និងសំណូមពរដែលបានលើកឡើងបានចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲកាន់តែល្អប្រសើរឡើង ដើម្បើឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម ក៏បានជម្រុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងឲ្យបានល្អប្រសើរបន្ថែមទៀត ក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព, ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ការគ្រប់គ្រងធនធានធម្មជាតិ, ការប្រើប្រាស់ដីធ្លី ព្រៃឈើ និងជលផល, ការងារអប់រំ យុវជន និងកីឡា និងការផ្ដល់សេវាសុខភាពអនាម័យនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវី១៩៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ