លោកជំទាវ មិថុនា ភូ​ថង ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​សរុប​៩៦​គ្រួសារ នៅ​សង្កាត់​ទាំង​៣ នៃ​ក្រុង​ខេមរភូមិន្ទ និង​នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​

(កោះកុង)៖ ​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង លោក​អគ្គនាយក​ក្រុមហ៊ុន​Union Development Group.Ltd អមដំណើរ​ដោយ​លោកនាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង​ខេមរភូមិន្ទ និង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ បាន​ចុះ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​សរុប​៩៦ គ្រួសារ​ដែល​ជួបប្រទះ​នូវ​គ្រោះ​អន្តរាយ​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ខូចខាត​ផ្ទះសម្បែង​មួយចំនួន​ពេលកន្លងមក នៅ​សង្កាត់​ទាំង​៣ នៃ​ក្រុង​ខេមរភូមិន្ទ និង​នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ លោកជំទាវ​អភិបាលខេត្ត បាន​ផ្តែផ្តាំ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ថែទាំ​សុខភាព ដើម្បី​ចៀស​ផុតពី​ជម្ងឺ​ផ្សេងៗ ពិសេស​ជម្ងឺ​កូ​វីដ​-១៩ វា​មិនទាន់​ផុតរលត់​នៅឡើយ​ទេ​។​

​ជាមួយគ្នានេះដែរ​លោកជំទាវ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​នេសាទ​សមុទ្រ​ត្រូវមាន​ការប្រុងប្រយ័ត្ន ខណៈដែល​ព្យុះ​ទី​១៧ ឈ្មោះថា ម៉ូ​ឡាវ នឹង​មកដល់​នៅថ្ងៃនេះ​ហើយ គឺ​រយៈពេល​២​ថ្ងៃ គឺ​២៨-២៩​តុលា​នេះហើយ​។​
​អំណោយ​ដែល​ប្រជាពលរដ្ឋ​ទទួលបាន​រួមមាន​៖ អង្ករ​២៥​គីឡូក្រាម មី​ម៉ា​ម៉ា ១​កេស ត្រីខកំប៉ុង ១​យួ ទឹក​ស៊ី​អ៉ី​វ ១​យួ ទឹកត្រី ១​យួ​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង​ សម្រួលផ្សាយដោយ៖ ធូ កុសល