អបអរសាទរ​ទិវា​បុណ្យខួប​លើក​ទី ១៦ នៃ​ការឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

(​ភ្នំពេញ​)៖ ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០​ស្អែក​នេះ គឺជា​ទិវា​បុណ្យខួប​លើក​ទី ១៦ នៃ​ការឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​បោះឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆន្ទ នា​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែអស្សុជ ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០០៤ ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ព្រះបរមនាម​ថា “​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រ​ក្ខ​តខ​ត្ដិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា​មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរ​ណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​” ហើយ​សម្រេច យក​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០០៤ ជា​ទិវា​ប្រវត្តិសាស្ត្រ​នៃ​ការឡើង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​។​

​គឺ​នៅថ្ងៃនេះ​ហើយ​ដែល​ប្រជារាស្ត្រ​ខ្មែរ​គ្រប់រូប​បាន​សម្តែង​នូវ​ឆន្ទ​: និង​មនោសញ្ចេតនា​របស់ខ្លួន សប្បាយរីករាយ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ទ្រង់​គ្រង​ព្រះ​បរម​រាជសម្បត្តិ ដើម្បី​គង់​ជា​ម្លប់​ដ៏​សុខក្សេមក្សាន្ត ត្រជាក់ត្រជុំ​របស់​មាតុ​ភូមិ​អង្គរ និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​៕ ដោយ​៖ធូ កុសល ប្រភព៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា