ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជិត ២០០គ្រួសារ នៅស្រុកប្រាសាទសំបូរ ទទួលអំណោយពីថ្នាក់ដឹកនាំខេត្តកំពង់ធំ

(កំពង់ធំ)៖ ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាត ចំនួន ១៩៥គ្រួសារ ទទួលអំណោយសប្បុរសជន តាមរយៈឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវត្តសូជ័យឧត្តម ហៅវត្តទឹកអណ្ដូង ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខពុកម៉ែបងប្អូនទាំងអស់នៅគ្រប់ទីកន្លែង ជាពិសេសនៅក្នុងរយៈពេលដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស កំពុងតែជួបនូវគ្រោះជំនន់ទឹកភ្លៀងនៅពេលនេះ ។

លើសពីនេះទៀត ឯកឧត្តម ក៏មានការព្រួយបារម្ភទៅលើការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវការខូចខាត ព្រមទាំងជំរុញឲ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធពិនិត្យផលប៉ះពាល់ ដើម្បីពិនិត្យលទ្ធភាពធ្វើការជួសជុលកែលម្អរចនាសម្ព័ន្ធឡើងវិញ និងប្រមូលទិន្នន័យជាក់ស្ដែងលើការខូចខាតដំណាំស្រូវរបស់បងប្អូន ដើម្បីស្នើសុំពូជស្រូវពីរាជរដ្ឋាភិបាល យកមកចែកជូនបងប្អូនប្រជាពលរដ្ឋ ធ្វើការបង្កបង្កើនផល បន្ទាប់ពីទឹកត្រូវបានស្រកទៅវិញ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវខំថែរក្សានូវកត្តាសុខសន្តិភាពដែលរកបានដោយកម្រនេះ មានសុខសន្តិភាពប្រទេសជាតិទើបមានការអភិវឌ្ឍ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព ហូបស្អាត រស់នៅស្អាត គេងក្នុងមុងជានិច្ច ដើម្បីការពារមូសខាំ ជៀសវាងកើតនូវជំងឺផ្សេងៗ ការរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ ដាំដំណាំបន្លែបរួមផ្សំ ក៏ដូចជាការចិញ្ចឹមសត្វជាដើម ដើម្បីជួយលើកស្ទួយក្នុងជីវភាពក្នុងគ្រួសារ។

ចុងក្រោយថ្នាក់ដឹកនាំខេត្ត ក៏បានចែកអំណោយជាមិត្តរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេះ ទឹកបរិសុទ្ធ ១កេះ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងទឹកត្រី ១យួរ ។

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស