អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១

សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានរៀបចំបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន តំណាងអង្គការ UNDP និង DFID ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នាពេលកន្លងមក។ ដូច្នេះសិក្ខាសាលានាថ្ងៃនេះ ដើម្បីពិនិត្យឡើងវិញ នូវសកម្មភាពការងារកន្លងមក ក្នុងការស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ សម្រាប់លើកជាបទពិសោធន៍ ការលើកទិសដៅអនុវត្តបន្ត ដើម្បីធ្វើឲ្យវិស័យនេះ មានការរីកចម្រើនយ៉ាងខ្លាំងឡើងបន្ថែមទៀត ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់អាជ្ញាធរកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន បានឲ្យដឹងថា៖ ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ខែតុលា ឆ្នាំ២០១៩ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សរុបចំនួន ៦៤.៨៤៩នាក់ ហើយបើគិតជាមធ្យមភាគ គឺអត្រាជនរងគ្រោះមានប្រមាណ ១,៥៨២នាក់ក្នុង១ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះ គិតត្រឹមខែកញ្ញា មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមមានចំនួនតែ៥៥នាក់ប៉ុណ្ណោះ ដូច្នេះតួលេខនេះមានការថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបជាមួយអត្រាជនរងគ្រោះជាធម្យមភាគប្រចាំឆ្នាំ ឃើញមានការថយចុះដល់ទៅ ៩៦,៥ភាគរយ ៕

អត្ថបទ និងរូបភាព: លោក យូ វង្ស កែសម្រួលដោយ លីវ សុខុន
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស