អាជ្ញាធរ ខេត្តកណ្តាល ប្រកាសផ្តល់អំពូលប្រើសូឡា ចំនួន១.០០០អំពូលដល់ក្រុងតាខ្មៅ សំរាប់ដាក់បំភ្លឺ តាមផ្លូវសំខាន់ៗក្នុងក្រុង

ក្រុងតាខ្មៅ៖ ឯកឧត្តម គង់ សោភណ្ឌ័អភិបាលខេត្តកណ្តាលបានប្រកាសចំពោះមុខប្រជាពលរដ្ឋក្រុងតាខ្មៅ ចំនួន៤៥០នាក់ថា៖ និងផ្តល់អំពូលប្រើសូឡា ចំនួន១.០០០អំពូលសំរាប់ដាក់បំភ្លឺផ្លូវសំខាន់ៗក្នុងក្រុង ដើម្បីជាប្រយោជន៍ ពង្រឹងយន្តការ អនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្តិភាព។នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបាន ក្រើនរំលឹកអោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងស្ថាបន័ អង្គភាពពាក់ពន្ធ័យកចិត្តទុកដាក់ អនុវត្តតួនាទីរបស់ខ្លួន ក្នុងការបំរើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។

ឯកឧត្តម អភិបាលខេត្តប្រកាសដូច្នេះក្នុងឱកាស បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៣ នៅក្រុងតាខ្មៅ នៅថ្ងៃទី២៧តុលានេះ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល រួមជាមួយ ឯកឧត្តម នួន ផា នាយករងខុទ្ទកាលយ័សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុនសែន បានចូលរួមជាអធិបតី ក្នុងពិធីនោះដែរបានបញ្ជាក់ថា៖វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក ជាពិសេសវេទិកានេះនឹងផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឡើងបញ្ចេញជាមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមផ្សេងៗ សម្រាប់រដ្ឋបាលខេត្តយកទៅ ពិភាក្សាដោះស្រាយ ឲ្យមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា៖ សម្រាប់វេទិកានេះ គឺមិនបានកំណត់ប្រធានបទអ្វីទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋអាចលើកឡើងជាសំណូមពរ បញ្ហាប្រឈមនានា និងបញ្ចេញមតិយោបល់បានគ្រប់បញ្ហាទាំងអស់ ពីព្រោះនេះគឺជាឱកាសដ៏ល្អសម្រាប់បងប្អូនបានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ អាជ្ញាធរ និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

គួររំលឹកថា៖ តាមរបាយការណ៍ឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្ត កាលពីឆ្នាំ២០១៩កន្លងទៅនេះ ក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន២៨ សំណូមពរពាក់ព័ន្ធនឹង ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្តធ្វើការដោះស្រាយជូនបាន ២៦សំណូមពរ ។
ចំពោះវេទិការក្នុងថ្ងៃនេះ មានប្រជាពលរដ្ឋបានឡើង នូវបញ្ហាប្រឈមចំនួន១៥៤បញ្ហា ក្នុងនោះមានប្រជាពលរដ្ឋឡើងសំណូមពរ ផ្ទាល់មាត់ចំនួន១៧បញ្ហា និងសរសេរជាក្រដាស់ចំនួន ១៣៧បញ្ហា ពាក់ព័ន្ធនិងបញ្ហាដីធ្លី ផ្លូវ លូរំដោះទឹក និងវិវាទផ្សេងៗដែលបញ្ហាទាំងនេះត្រូវបានឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តទទួលយកនិងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស