គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង បើកកិច្ច ប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញនូវផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី និងលោកជំទាវ ឈុំ ចាន់សុខ អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងមានការចូលរួមពីលោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត សមាជិក សមាជិកា តាមមន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកជំទាវប្រធាន បានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ ៕