រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម រិន វិរៈ រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលស្ដីពីផែនការអភិវឌ្ឍន៍៥ ឆ្នាំ២០២០-២០២៤ និងវេទិកាពិគ្រោះយោបល់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ទំនិញប្រើប្រាស់ ដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត អភិបាល/អភិបាលរង ស្រុក/ក្រុងទាំង៧ទូទាំងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ដើម្បីសម្រេចឲ្យបានជោគជ័យនូវភារកិច្ចរបស់ខ្លួន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្តបានលើកទិសដៅជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ ដោយផ្ដល់ជាអាទិភាពលើវិស័យសំខាន់ៗ រួមមាន៖ វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ដោយឡែក ថវិការក្នុងអភិវឌ្ឍខេត្តត្បូងឃ្មុំ មាន២ចំណុចសំខាន់គឺ៖ ១.ថវិការាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈរដ្ឋបាលខេត្ត ២. ថវិកាបានមកពីចំណូលរបស់រដ្ឋបាលខេត្តផ្ទាល់ និងអង្គការ សមាគមន៍ ដៃគូអភិវឌ្ឍក្នុងខេត្ត ជាផែនការធ្វើយ៉ាងណាបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត អោយមានការកើនឡើង។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ការគណនាផលិតផលក្នុងស្រុកសរុប និង សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់សម្រាប់ខេត្ត គឺជាគោលដៅសំខាន់មួយដែលរដ្ឋបាលខេត្តបានរង់ចាំជាយូរមកហើយ ដែលទិន្នន័យនេះ ខេត្តបានដឹងអំពីចំណូលរបស់ខេត្ត ចំណូលសម្រាប់មនុស្សម្នាក់ក្នុងខេត្ត កាវាស់វែងអតិផរណា ដែលជាទិន្នន័យមួយសម្រាប់ខេត្ត ធ្វើការទាក់ទាញអ្នកវិនិយោគទុន និង ការរៀបចំគោលនយោបាយផ្សេងៗនាថ្ងៃអនាគត ។

ជាមួយគ្នានោះដែរ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ បានលើកឡើងថា៖ ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តក្រុង ដែលយើងកំពុងបណ្តុះបណ្តាលនេះ តម្រូវឱ្យប្រមូលរៀបចំនិងចងក្រងរៀងរាល់ឆ្នាំ គឺជាសូចនាករម៉ាក្រូសេដ្ឋកិច្ច ដែលអាចឱ្យយើងវាស់វែងនិងវាយតម្លៃ ការប្រែប្រួលកំណើនសេដ្ឋកិច្ចក្នុងខេត្ត ធ្វើយ៉ាងអោយមានប្រសិទ្ធភាព ។

ឯកឧត្តម បន្ថែមថា៖ ក្រៅពីនេះយើងក៏អាចប្រើប្រាស់ស្ថិតិគណនេយ្យជាតិនិងសន្ទស្សន៍ថ្លៃថ្នាក់ខេត្ត ក្រុង សម្រាប់គណនាចំណូលខេត្ត ចំណូលសម្រាប់មនុស្សម្នាក់ សម្រាប់ធ្វើជាគោលនយោបាយពន្ធ និងគោលនយោ បាយអភិវឌ្ឍន៍តាមវិស័យ ដូចជា៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ជាដើម។

ឯកឧត្តម រិន វីរៈ បានជំរុញដល់មន្ទីរ អង្គភាពទាំងអស់ ត្រូវបញ្ជួនទិន្និន័យមកមន្ទីរផែនការឲ្យបានត្រឹមត្រូវ និងសុក្រិត្យ ដើម្បីមន្ទីរផែនការបញ្ជួនទៅក្រសួងផែនការគណនាជូន ដើម្បីថ្នាក់ដឹកនាំនៅពេលទស្សនៈកិច្ចយកទៅជជែកនៅបណ្តាប្រទេសផ្សេងៗ ចៀសវាងមានភាពមិនត្រឹមត្រូវផងដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូថឃ្មុំ

សម្រួលផ្សាយ៖ កន ចំណាន