ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ចូលរួមចំណែក​លើកកម្ពស់​សុខុមាលភាព​សហគម​ន៍ ស្រប​ពេលដែល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩

(​ព្រៃវែង)​៖ នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ ការអនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​បានល្អ មិន​ត្រឹមតែ​ជួយ បង្កើត​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ប៉ុណ្ណោះ​ទេ ថែមទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ពី​ការកើត​ជំងឺ នានា ជាពិសេស​ជំងឺ​កូ​វីដ​-១៩ ព្រោះថា​ការយក​ដៃ​មិន​ស្អា​តទៅ​ប៉ះ​មាត់​ពេល​ជក់បារី​អាចធ្វើ​ឲ្យ​អ្នក​ជក់​ឆ្លង​មេរោគ បាន ហើយ​លើសពីនេះ​ទៀត ការជក់បារី នាំ​ឲ្យ​ខូច​សួត និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ ប្រសិនបើ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ដោយ​ចៃដន្យ​ណាមួយ នឹងធ្វើ​ឲ្យ​អ្នកជំងឺ​នេះ​ស្ថិតក្នុង​ទម្រង់​ធ្ងន់ធ្ងរ​។​

​ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​​និង​ពិធី​ចែក​ពាន “​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​” ដែល​រៀបចំឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រៃវែង ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឌុ​ច គ​ន្ធា អភិបាលរង​ខេត្តព្រៃវែង និង​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​មន្ទីរ​ពាក់ព័ន្ធ​ជាច្រើនរូប​។​ ​ឯកឧត្ដម ហោ សារុន បាន​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំង អស់​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ប្រែក្លាយ​ទីក្រុង​ព្រៃវែង របស់​យើង​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ក្នុង​គោល បំណង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​តាមរយៈ​ការកាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខ ភាព សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។​

​ឯកឧត្ដម ក៏បាន​បន្តទៀតថា សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​អំពី​ច្បាប់ ស្តីពី ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ លិខិត បទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​ច្បាប់ និង​សេចក្តីណែនាំ​របស់​ក្រសួងទេសចរណ៍​អំពី បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង វិស័យ​ទេសចរណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​នានា​។ ដើម្បី​លើកទឹកចិត្ត​ដល់​ការចូលរួម​របស់​ផ្នែក​ឯកជន​នៃ​វិស័យ​ទេសចរណ៍​នៅក្នុង​ក្រុង​ព្រៃវែង កាលពី​ខែ សីហា​កន្លងទៅ​ថ្មីៗ​នេះ ក្រុមការងារ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​សហការ​ជាមួយ​ក្រសួង​សុខា​ភិ​បា និង​ដៃគូ​អភិវឌ្ឍន៍ បាន​ចុះ​វាយតម្លៃ​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​មួយចំនួន ហើយ​បានជ្រើសរើស​មូលដ្ឋាន​អាជីវ កម្ម​សេវាកម្ម​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុងការ​អនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​បានល្អ ដើម្បី​ចែកជូន​ពាននិងបណ្ណ​សរសើរ។​

​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ឆ្នើម​ដែល​ទទួលបាន​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ត្រូវបាន​វាយតម្លៃ​ជ្រើសរើស​ដោយ​ផ្អែកទៅលើ​ពិន្ទុ​នៃ​កម្រង​សំណួរ​ដែល​បាន​រៀបចំឡើង ដោយមាន​សូ ចនាករ លក្ខណៈវិនិច្ឆ័យ​ត្រឹមត្រូវ យោងទៅតាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល ថ្នាំជក់ និង​លិខិតបទដ្ឋាន គតិយុត្ត​នានា​ក្រោម​ច្បាប់ រួមមាន អនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ​ជាដើម​។ ចំណុច​សំខាន់ៗ​ដែល​មូល ដ្ឋា​ន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ត្រូវប្រកាន់យក​មានដូចជា​៖ ត្រូវ​បិទ​ផ្សាយ​ឬ​ដាក់​បម្រាម​ហាម​ជក់​នៅតាម​ផ្លូវ ចូល និង​កន្លែង​សមស្រប​ដែល​អាច​មើលឃើញ​ច្បាស់ មិនត្រូវ​ដាក់តាំង​ឬ​បង្ហាញ​ប្រដាប់​គោះ​បារី ត្រូវ​បង្គាប់​មិន​ឲ្យ អ្នក​ជក់​ឬ​បង្ហុយផ្សែង​ផលិតផល ថ្នាំជក់​ក្នុង​កន្លែង​ហាមឃាត់​មិនត្រូវ​ផ្សាយពាណិជ្ជកម្ម​ផលិតផល ថ្នាំជក់​ក្នុង បរិវេណ​មូលដ្ឋាន​របស់ខ្លួន​ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ អាចដាក់​តាំង​បង្ហាញ​កញ្ចប់​ផលិតផល​ថ្នាំជក់​ធម្មតា​បាន តែមួយ​កញ្ចប់​ក្នុង​មួយ​ម៉ាក ត្រូវ​ដាក់តាំង​បង្ហាញ ឬ​លក់​តែ​ផលិតផល​ថ្នាំជក់​ណា​ដែលមាន​សារ​ព្រមាន​សុខ​ភាពជា រូបភាព និង​ជា​ភាសា​ខ្មែរ​ទំហំ​៥៥%​បោះពុម្ព​លើ​ផ្នែក​ខាងលើ​ផ្ទៃ​សំខាន់​ទាំងពីរ​នៃ​កញ្ចប់​ផលិត ផល​ថ្នាំជក់​។​

​ឯកឧត្ដម ហោ សារុន បានលើកឡើង​បន្ថែមទៀតថា បច្ចុប្បន្ន​យើង​បាននិងកំពុង​អនុវត្ត​វិធានការ​អប់រំ មិន ទាន់​មានការ​ផាកពិន័យ​នៅឡើយ​។ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​បានដាក់​ឱ្យប្រើ​ប្រាស់​តាំងពី​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០១៥ មកម្ល៉េះ​។​ សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ កន្លងទៅនេះ ក៏មាន​កិច្ចប្រជុំ​ពិភាក្សា​មួយ រវាង​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តព្រៃវែង ដែល​បាន​ឯកភាព​លើ​គំនិត​ផ្តួចផ្តើម​ក្នុងការ​ប្រែក្លាយ​ទីក្រុង​ព្រៃវែង​ជាទី​ក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​នៅ​ចុងឆ្នាំ​២០២១៕​ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង