លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន ៥២គ្រួសារ មកពីសង្កាត់ស្វាយរៀង

(ស្វាយរៀង)៖ នារសៀល ចន្ទ ១០កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា បានបន្តនាំយកអំណោយ មនុស្សធម៌របស់សាខា រួមនឹងសមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្ត ចែកជូន ដល់ ប្រជាពលរដ្ឋ រងគ្រោះដោយសារ ជំនន់ទឹកភ្លៀងចំនួន ៥២ គ្រួសារ មកពីសង្កាត់ ស្វាយរៀង សង្កាត់ពោធិតាហោ និងសង្កាត់គយត្របែក ក្រុងស្វាយរៀង ។

ក្នុងឱកាសនោះលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើ សួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាង ជ្រាលជ្រៅ និង គិតគូរ ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ទាំងអស់ ដែល ជួប គ្រោះទឹកជំនន់ នៅក្នុងរដូវ វស្សានាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសាខា អនុសាខាក្រុង-ស្រុក អាជ្ញាធរ មូលដ្ឋាន ក្រុមកាកបាទ ក្រហមឃុំ សង្កាត់ អ្នកស្ម័គ្រចិត្ត កាកបាទ ក្រហម កម្ពុជា តាមភូមិ កងកម្លាំងប្រដាប់អាវុធ និងអ្នកប្រតិបត្តិការ សង្គ្រោះ ទាំងអស់ ដែលបានប្រឹងប្រែង អស់ពី កម្លាំងកាយចិត្ត និងស្មារតី ខ្ពស់ ជួយ ពលរដ្ឋ ពី គ្រោះមហន្តរាយនេះ ។

លោកជំទាវ បានបន្តអំពាវនាវ ដល់កម្លាំង សង្គ្រោះ ទាំងអស់ គោរពតាមបទបញ្ជា និងការណែនាំរបស់ សម្តេច តេជោ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយការ ជន់លិចនេះ គ្រប់ ទីកន្លែង ទាំងអស់ ឱ្យ បានទាន់ពេលវេលា ដើម្បី ធានា ថាមិនមានពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ ដល់ អាយុជីវិត ដោយអាជ្ញាធរ មិនបាន ដឹងនោះឡើយ ។

ជាមួយគ្នានោះដែរ លោកជំទាវ បានពាំនាំនូវសារ អំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនជនរួមជាតិ ៖ ១. សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះ វា អាចបណ្តាលឱ្យ បាត់បង់ ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាង មាន វិប្បដិសារី នៅពេលបាត់បង់ សមាជិក គ្រួសារដោយសារការធ្វេសប្រហែសនេះ ។

២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាព ជាកត្តាចម្បង សម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ ។

៣. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិស ដែលវាបានទៅរស់នៅ តាមដំបូលផ្ទះ ឬកន្លែងផ្សេងៗ ក្នុងផ្ទះ របស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្ត ប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារ សេដ្ឋកិច្ច គ្រួសារឡើងវិញ ។ ៤. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយ អនុវត្ត តាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី ។

អំណោយដែលបានចែកជូនសម្រាប់គ្រួសារជម្លៀសមកនៅទីទួលសុវត្ថិភាព ៧ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ ធុងទឹកជ័រ ១ កៅស៊ូតង់ ១ មី ១ កេស កន្ទេលបត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃីត ១ កញ្ចប់(មុង ១ ភួយ ១ ក្រម៉ា១ សារុង ១) ថវិកា ៥០,០០០ រៀល ។ សម្រាប់គ្រួសារលិចក្រោមផ្ទះ ៤៥ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃី កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១ ) ថវិកា ៥០,០០០ រៀល ។ សមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្តចែកជូនទាំង ៥២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ១៥ គ.ក្រ មី ១ កេស ទឹកសុទ្ធ ១ កេស ទឹកដោះគោ ៦ កំប៉ុង ។

ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង