សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌនិយ័តកម្មគោលការណ៍ ណែនាំស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត សម្រាប់ឱសថការីកម្ពុជា និងការផ្តល់ជូនវិញ្ញាបនបត្របញ្ជីការឱសថការីកម្ពុជា ដល់សមាជិកគណៈឱសថការីខេត្ត ព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ មន្ទីរសុខាភិបាល បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយគោលការណែនាំការ អភិវឌ្ឍ វិជ្ជាជីវៈបន្តសំរាប់ឱសថការីកម្ពុជានិងចែកវិញ្ញាបនបត្របញ្ជីការឱសថការី ដល់ សមាជិកគណៈឱសថការីខេត្តព្រៃវែងពិធីនេះដែលមានការអញ្ជើញចូលរួមលោក បាន បុត្តា អគ្គាធិការងនៃក្រសួងសុខាភិបាល ជាប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា និង លោកវេជ្ជបណ្ឌិត ញុឹកឌឹម នារ៉ា អនុប្រធានមន្ទីរសុខាភិបាល និងសមាសភាពចូលរួមចំនួន ៦៧ នាក់។

ថ្លែងឱកាសនោះដែលោក បាន បុត្តា អគ្គាធិការងនៃក្រសួងសុខាភិបាល ជាប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា មានប្រសាសន៍បានថា ពិធីនេះ មានសារៈសំខាន់ណាស់ ដល់សមាជិក សមាជិកានៃគណៈឱសថការីខេត្តព្រៃវែង ដើម្បីជម្រុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាលអោយបានដឹង និងចូលរួមអនុវត្តច្បាប់នេះអោយមានប្រសិទ្ធិភាពខ្ពស់ ក៏ដូចជា ធានាដល់ការធ្វើអោយប្រសើរឡើងនូវចំនេះដឹង ជាពិសេសផ្នែកឱសថសាស្ត្រ។

លោកក៏បានបន្តទៀតថា ស្របពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នេះ ប្រព័ន្ធបទបញ្ញាត្តិវិជ្ជាជីវៈសុខាភិបាល គឺជាផ្នែកមួយដ៏សំខាន់ក្នុងប្រព័ន្ធសុខាភិបាល ដើម្បីពង្រឹងនិង កែលំអរគុណភាពវិជ្ជាជីវៈសុខាភិបាលដើម្បីសំរេចឲ្យបានប្រសិទ្ធភាព និង ការថែទាំសុខភាពប្រកប ដោយ សុវត្តិភាព និង មានសីលធម៌។ មន្ទីរសុខាភិបាលខេត្តព្រៃវែង បានខិតខំជំរុញ និង លើកទឹកចិត្តដល់ គណៈវិជ្ជាជីវៈសុខាភិបាល ទាំង៥ ជារួម និងគណៈឱសថការីនិយាយដោយឡែក ក្នុងការផ្តល់សេវា សុខា ភិបាលប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្របតាមច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ដល់អ្នកជំងឺ អតិថិជន និងសហគមន៍ ដល់សមាជិករបស់ខ្លួនជាប្រចាំ ។

ព្រមជាមួយគ្នានេះដែរមន្ទីរសុខាភិបាលខេត្ត ព្រៃវែងក៏មាន មន្ត្រីនគរបាលយុត្តិធម៌ ដែលបានទទួលស្គាល់ដោយក្រសួងយុត្តិធម៌ បានចុះត្រួតពិនិត្យ តាមដាន និង មានវិធានការ ទប់ស្កាត់ គ្រប់ទីតាំង សេវាឯកជនដែល ប្រព្រឹត្តខុសឆ្គង ឬ ហួសដែនកំណត់ នៃលក្ខ័ណ្ឌ បច្ចេកទេស វិជ្ជាជីវៈរបស់ខ្លួន ។

លោកសង្ឃឹមថាបន្ទាប់ពីសិក្ខាសាលានេះទៅ សិក្ខាកាមទាំងអស់និងទទួលបាននូវពុទ្ធិ ចំណេះដឹង បន្ថែមលើសមត្ថភាពជំនាញថ្មីៗ ទៅតាមផ្នែកវិជ្ជាជីវៈរបស់ខ្លួនប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង