ស.ស.យ.កខេត្តមណ្ឌលគិរី ទទួលអង្ករ និងថវិកាពីអាជីវករម្នាក់ នៅផ្សារសែនមនោរម្យ ដើម្បីជួយពលរដ្ឋខ្វះខាត នៅក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ដើម្បីជាការចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត ក៏ដូចជាក្រុមការងារយុវជន ក្នុងការជួយដោះស្រាយដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រោះថ្នាក់ដោយប្រការផ្សេងៗ  សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ស៊ាង សឿន អនុប្រធានប្រចាំការ ស.ស.យ.កខេត្ត និងលោក ណយ ច័ន្ទតារា អនុប្រធាន តំណាងឲ្យលោក ឈឹម កាន ជាប្រធាន និងសហការី អញ្ជើញទទួលអង្ករ ១តោន និងថវិកា ២លានរៀល ពីលោកស្រី ថុង សុថេត ដែលជាអាជីវករ នៅផ្សារសែនមនោរម្យ ដើម្បីជាការចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត និងក្រុមការងារស.ស.យ.កខេត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយប្រការផ្សេងៗ នៅខេត្តមណ្ឌលគិរី។លោក ស៊ាង សឿន អនុប្រធានប្រចាំការ ស.ស.យ.កខេត្ត តំណាងឱ្យលោក ឈឹម កាន ជាប្រធាន បានថ្លែងអំណរគុណដល់លោកស្រី ថុង សុថេត ដែលមានទឹកចិត្តដ៌ល្អប្រពៃ ក្នុងការជួយផ្តល់អង្ករ ១តោន និងថវិកា ២លានរៀល ដល់ក្រុមការងារស.ស.យ.កខេត្ត ដើម្បីមានលទ្ធភាព បន្តធ្វើសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតជាក់ស្តែងនៅមូលដ្ឋាន។ លោក ស៊ាង សឿន សន្យាថា នឹងយកសម្ភារ និងថវិកាទាំងនេះ ផ្តល់ជូនដល់ដៃប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងងាយរងគ្រោះឲ្យបានទាន់ពេលវេលា៕

ហេង សុភាព