អាជ្ញាធរក្រុងបានលុង សហការជាមួយមន្ទីរជំនាញ ស្តារសម្អាតបឹងកម្សាន្ត ដើម្បីឲ្យសោភ័ណ្ឌភាពស្រស់បំព្រងឡើងវិញ

(រតនគិរី)៖ អាជ្ញាធរក្រុង បានលុងសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានចុះធ្វើការស្តារសម្អាត បឹងកម្សាន្ត ដើម្បីអោយផ្ទៃបឹងមួយនេះមានសភាព ស្រស់បំព្រងឡើងវិញ។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងក្នុងឱកាសអញ្ជើញចុះដឹកនាំការស្តារសម្អាតបឹងកម្សាន្តនាពេលនេះថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជាអោយមន្ទីរជំនាញពាក់ព័ន្ធសហការជាមួយអាជ្ញាធរក្រុងបានលុង ធ្វើការស្តារសម្អាតផ្ទៃបឹងចំនួន២ក្នុងក្រុង គឺបឹងកន្សែង និងបឹងកម្សាន្ត ដោយកាយយកចេញ ស្មៅចក ដែលដុះរីករាលដាលស្ទើរពេញផ្ទៃបឹង នោះដើម្បីអោយផ្ទៃបឹងមានភាពស្រស់ស្អាតឡើងវិញ ក៏ដូចជាការលើកកម្ពស់សោភ័ណ្ឌភាព បឹងអោយមានលក្ខណៈធម្មជាតិទាក់ទាញភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ មកទស្សនាកម្សាន្តផងដែរ។

លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុងបានលុងជាពិសេសប្រជាពលរដ្ឋដែល មានលំនៅដ្ឋានជុំវិញបឹងសូមចូលរួមសម្អាតអនាម័យបរិស្ថាន នៅជុំវិញបឹង ដើម្បីអោយផ្ទៃបឹងធានា បាននូវនិរន្តរភាពបរិស្ថានមួយប្រកបដោយគុណភាព និងភាពស្រស់ស្អាតសម្រាប់ខេត្តរតនគិរី៕

ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី