លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២០

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនោះ ការចូលរួមពីខណ្ឌរដ្ឋបាល ព្រៃឈើ និងជលផល ព្រមទាំងការិយាល័យជំនាញចំណុះមន្ទីរ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទាំងអស់សរុបចំនួន ២៨នាក់ រៀបចំនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ផងដែរថា គោលបំណងក្នុងកិច្ចប្រជុំរួមមាន៖ -ផ្សព្វផ្សាយលិខិតសារាចរណែនាំ សេចក្តីជូនដំណឹង និងសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបានកន្លងមក ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌ និងការិយាល័យ និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់។

ជាមួយគ្នានោះលោកប្រធានមន្ទីរ បានសំណូមពរ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យយកចិត្តទុកដាក់ធ្វើការងារឱ្យបានល្អតាមតួនាទីភារៈកិច្ចដែលមន្ទីរផ្តល់ជូន និងតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ៕