សម្ដេច​តេ​ជោ ហ៊ុន សែន ហៅ​ការស្ថាបនា​ស្ពាន​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ​ទៅកាន់​តំបន់​អភិវឌ្ឍន៍​កោះនរា ដែលមាន​តម្លៃ​ប្រមាណ​ជិត ៤០​លាន​ដុល្លារ​អាម៉េរិក​ថា​ជា​សមិទ្ធផល​ថ្មី​លើដី​សន្តិភាព​

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ហៅ​ការស្ថាបនា​ស្ពាន​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ទៅកាន់​តំបន់​អភិវឌ្ឍន៍​កោះនរា ថា​ជា​សមិទ្ធផល​ថ្មី​លើដី​សន្តិភាព ហើយ​សម្ដេច​បានបញ្ជាក់​ថា ការអភិវឌ្ឍ​តំបន់​នេះ គឺ​មួយផ្នែក​ទាក់ទិន នឹង​ការអភិវឌ្ឍ​ជាទី​ក្រុង​រណប​ថ្មី និង​មួយផ្នែក​ទៀត​ទាក់ទង​ជាមួយនឹង​ការរំដោះ​ចរាចរ ដែល​តែងតែ​កកស្ទះ នៅ​ស្ពាន​ព្រះមុនីវង្ស​ផងដែរ​។​

​ស្ពាន​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ទៅកាន់​តំបន់​អភិវឌ្ឍន៍​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវបាន​បើ​ការដ្ឋាន​ស្ថាបនា នា​ព្រឹក​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ យោងតាម​របាយការណ៍ របស់​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា (OCIC) ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ស្ពាន បានឱ្យដឹងថា សម្រាប់​ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះនរា មាន​ប្រវែង ៨២៤​ម៉ែត្រ មាន​ទទឹង ២៤,៥០​ម៉ែត្រ​។ ស្ពាន​នេះ​គ្រោង​ចំណាយពេល​សាងសង់ ៣៥​ខែ ដោយ​ចំណាយ​ថវិកា ៣៨​លាន​ដុល្លារ​។ ដោយឡែក​ស្ពាន​ភ្ជាប់​ពី​ក្រុង​រណប​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ​១ មាន​ប្រវែង​៦០​ម៉ែត្រ ទទឹង ២១​ម៉ែត្រ គ្រោង​ចំណាយពេល​សាងសង់ ១២​ខែ និង​ចំណាយ​ថវិកា ១ ៦០៦ ៣៥៣​ដុល្លា​អាម៉េរិក ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​ជា​ប្រវត្តិសាស្ត្រ ១​ខ្សែ​នេះ នៅពេល​សាងសង់​រួច ត្រូវបាន​រំពឹងថា នឹងចូលរួម​ចំណែក​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​១ ជាពិសេស​ជួយ​កាត់បន្ថយ​ការកកស្ទះ នៅ​ស្ពាន​ព្រះមុនីវង្ស​។​

​គួរ​បញ្ជាក់ថា កោះនរា ស្ថិត​ក្នង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន OCIC ធ្វើជា​ទីក្រុង​រណប​ថ្មី​លើ​ផ្ទៃដី​ជាង ១០០​ហិកតា​។ គម្រោង​នេះ​នឹងត្រូវ​រៀបចំ​អភិវឌ្ឍន៍ ដូច​ទៅនឹង​ទីក្រុង​កោះ​ពេជ្រ​នាពេល​បច្ចុប្បន្ន​ដែរ​។ បច្ចុប្បន្ន​ក្នុ្ង​ង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​ឆ្លងកាត់​ទន្លេ ចំនួន ៦ ដែល​ក្នុងនោះ​មាន ស្ពាន​ជ្រោយចង្វា​ទី​១ ទី​២ ស្ពាន​ព្រះមុនីវង្ស​ចំនួន​ពីរ​ខ្សែ​ទៅ និង​មក ស្ពាន​ព្រែក​ព្នៅ និង​ស្ពានបេតុង​ក្រុង​រណប​ជ្រោយចង្វា​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ និង​លេខ​៥៕ ដោយ​៖ ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​