ខេត្តព្រះសីហនុ មានប្រារព្ធកម្មវិធី បាយបឹងរួមមិត្ត ប្រចាំក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រារព្វកម្មវិធី បាយបឹងរួមមិត្ត ប្រចាំក្រុងព្រះសីហនុ ហើយពិធីជួបជុំ ក្រុមអ្នកស្ទូចត្រីដែលបានប្រារព្ធ ធ្វើឡើងនាថ្ងៃនេះក្នុងគោលបំណងបង្កើតជាមូលនិធិ រៃអង្គាសកៀងគរ រកថវិកាដើម្បីជួយឧបត្ថម្ភដល់តំបន់អភិរក្សមច្ឆាជាតិនានាទូទាំងប្រទេស ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល បានអញ្ជើញជាកិត្តិយសក្នុងកម្មវិធី បាយបឹង រួមមិត្តប្រចាំក្រុងព្រះសីហនុ លើកទី១ របស់ក្រុមអ្នកស្ទូចត្រីតាមបណ្ដាខេត្ត ដែលធ្វើឡើងនៅ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កម្មវិធីនេះ ក៏មានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក លោក លោកស្រី នៃមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងក្រុមអ្នកស្ទូចត្រីក្នុងក្រុងព្រះសីហនុ និងតាមបណ្តាខេត្តផងដែរ។

ប្រធានក្រុមអ្នកស្ទូចត្រីបានអោយដឹងថា ក្រុមអ្នកស្ទូចត្រីក្រុងព្រះសីហនុនេះ ជាផ្នែកមួយនៃក្រុមអ្នកស្ទូចត្រីកម្ពុជា ដែលបានបង្កើតឡើងដើម្បីបណ្ដុះគំនិតអភិរក្សមច្ឆាជាតិ ដែលកំពុង តែរងការបំផ្លិចបំផ្លាញគ្រប់បែបយ៉ាងពីសំណាក់ជនល្មើស ដែលបានប្រើប្រាស់គ្រប់មធ្យោបាយដែលបំផ្លាញនិរន្តភាពនៃមច្ឆាជាតិកម្ពុជា ទាំងនៅតាមទន្លេ បឹងបួរ ព្រែក និងនៅតាមដែន សមុទ្រកម្ពុជា ។

ក្រៅពីបណ្ដុះគំនិតលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេះ ក្រុមអ្នកស្ទូចត្រីកម្ពុជា ក៏បានចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងថែរក្សាធនធានមច្ឆាជាតិ ដោយជារៀងរាល់ឆ្នាំ ត្រូវធ្វើពិធីជួបជុំ ក្រុមអ្នកស្ទូចត្រីដោយបង្កើតជាមូលនិធិ រៃអង្គាសកៀងគរ រកថវិកាដើម្បីជួយឧបត្ថម្ភដល់តំបន់អភិរក្សមច្ឆាជាតិនានាទូទាំងប្រទេស ។

ក្នុងឱកាសចូលរួមជាអធិបតីក្នុងកម្មវិធី ” បាយបឹង រួមមិត្ត ” នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ ជាបេក្ខជនប្រកួតស្ទូចត្រី និងក្រុមអ្នកស្ទូចត្រី៖ ឧបត្ថម្ភក្រុមអ្នករៀបចំពិធី ថវិកាចំនួន : ២ លានរៀល, ឧបត្ថម្ភដល់ជ័យលាភីលេខ១ ថវិកាចំនួន : ១ លានរៀល, ឧបត្ថម្ភដល់ជ័យលាភីលេខ២ ថវិកាចំនួន : ៦០ ម៉ឺនរៀល, ឧបត្ថម្ភដល់ជ័យលាភីលេខ៣ ថវិកាចំនួន : ៤០ ម៉ឺនរៀល  និងឧបត្ថម្ភដល់ជ័យលាភីលេខ៤ ថវិកាចំនួន : ៣០ ម៉ឺនរៀល

សូមជំរាបជូនជ្រាបផងដែរថា ជ័យលាភីដែលបេក្ខជនស្ទូចបាន គឺចាប់ពីលេខ១ ដល់លេខ៥ ក្នុងនោះបេក្ខជនលេខ១ ចំពោះអ្នកដែលស្ទូចបានត្រីធំជាងគេ ដោយឡែកជ័យលាភីលេខ៥ ត្រូវបានទៅបេក្ខជនរូបណាដែលស្ទូចបានត្រីតូចជាងគេ ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ

សម្រួលផ្សាយ៖ កន ចំណាន