ឯកឧត្តម ប្រាក់ សារ៉ាត់ ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពរបស់អង្កការសុខភាពពិភពលោក

កំពង់ធំ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពី ប្រតិភូក្រសួងសុខាភិបាល មន្រ្តីអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា លោកប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួននៅសាលប្រជុំសាលាខេត្ត។

គោលបំណងនៃដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងសុខាភិបាល ដើម្បីពិនិត្យ វាយតម្លៃលើការគ្រប់គ្រង និងការអនុវត្តវិធានការ ការពារការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀត ដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមក ទទួលបានជោគជ័យល្អប្រសើរ។ លោកជំទាវ ក៏បានស្នើអោយរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាដើម្បីធ្វើការទប់ស្កាត់ កុំឱ្យកើតមានការឆ្លងជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។ ម្យ៉ាងទៀតក្រៅអំពីបញ្ហាជំងឺកូវី១៩ នេះដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានលើកឡើងអំពីវិស័យសុខាភិបាលផ្សេងៗទៀត ពាក់ព័ន្ធទៅនឹងជំងឺគ្រុនឈាម គ្រុនឈឺក និងវិធានការការពារទប់ស្កាត់ជំងឺគ្រុនចាញ់ជាដើមដែលតម្រូវឲ្យមន្ទីរសុខាភិបាលនិងអាជ្ញាធរយកចិត្តទុកដាក់តាមដានជាប្រចាំដើម្បីឈានទៅដល់លុបបំបាត់ជំងឺគ្រុនចាញ់ផងដែរ។

ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្ត បានថ្លែងនូវការអរគុណចំពោះប្រតិភូក្រសួងសុខាភិបាលដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចុះមកបំពេញបេសកកម្មនៅខេត្តកំពង់ធំ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប្រាក់ សារ៉ាត់ ក៏បានជម្រាបជូនថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក៏បានធ្វើការណែនាំបន្ដដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះតំបន់ទេសចរណ៍ រមណីយដ្ឋាន និងអាហារដ្ឋានជាដើម។

សូមបញ្ចាក់ថា៖ រដ្ឋបាលខេត្តកំពង់ធំ បានត្រៀមទីតាំងទីតាំង ២ កន្លែងសម្រាប់ធ្វើចត្តាឡីស័ក រួមមាន មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ មណ្ឌលសុខភាពស្រុកបារាយណ៍ សម្រាប់ទុកទទួលពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស