មន្ដ្រីស្ថានទូតបារាំងចុះពិនិត្យ និងសិក្សាស្វែងយល់ពីការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ 

សៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» បានចុះពិនិត្យ និងស្វែងយល់ពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។ លោក ឡុង កុសល អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការចុះពិនិត្យ និងស្វែងយល់អំពីកិច្ចការទាំងនេះរបស់លោក Christophe Gigaudaut បានចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែតុលា មកម្ល៉េះព្រោះរូបគាត់នឹងត្រូវទៅទទួលបន្ទុកជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ហើយគាត់ចង់ដឹង និងស្វែងយល់ជាមុននូវកិច្ចការទាំងនោះឲ្យបានច្បាស់លាស់។

លោក ឡុង កុសល បានបន្ដថាក្នុងកំឡុងពេលបំពេញភារកិច្ចនៅរមណីយដ្ឋានអង្គរ លោក Christophe Gigaudaut បានចុះទៅស្វែងយល់អំពីការជួសជុលផ្សេងៗនៅតាមប្រាសាទមួយចំនួនរួមមាន ប្រាសាទបន្ទាយស្រី ប្រាសាទលលៃ ប្រាសាទបាគង ប្រាសាទទន្លេស្ងួត ប្រាសាទតុបខាងលិច ប្រាសាទតានៃ ប្រាសាទប្រែរូប ប្រាសាទព្រះខ័ន្ធ ប្រាសាទអង្គរវត្ដ។ ជាមួយគ្នានោះសហប្រធានអាយស៊ីស៊ីអង្គររូបនោះ ក៏បានស្វែងយល់ពីគម្រោងផែនការអនាគតក្នុងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទីក្រុងអង្គរធំ និងនៅកន្លែងផ្សេងទៀតផងដែរ។ ដូចគ្នានេះដែរ មន្ត្រីស្ថានទូតជប៉ុនដែលនឹងទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរក៏នឹងអញ្ជើញចុះមកពិនិត្យ និងសិក្សាស្វែងយល់នៅរមណីយដ្ឋានអង្គរដែរនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕

អត្ថបទនិងរូបភាព: លោក បូ សាវី

កែសម្រួលដោយ លីវ សុខុន