ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ជម្រុញដល់ក្រុមការងារក្នុងការដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

(កំពង់ឆ្នាំង) ៖ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានជម្រុញដល់ក្រុមការងារក្នុងការដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ឯកឧត្តម បានមានប្រសាសន៍ជម្រុញបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិកាសាធារណៈ និងលើកទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ កាលពីព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ កងកម្លាំងទាំងបី អាជ្ញាធរស្រុក ប្រធានក្រុមប្រឹក្សាស្រុក ឃុំ មេឃុំ និងក្រុមលេខាធិកាដ្ឋានរបស់ក្រុមការងារ កិច្ចប្រជុំរៀបចំនៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ។

ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមដោះស្រាយ នូវបញ្ហាជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ ស្របតាមនីតិវិធី ៕