រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣

សៀមរាប​៖ ជារៀងរាល់ ២ខែម្ដង គណៈកម្មាធិការបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប តែងតែរៀបចំកិច្ចប្រជុំទៅតាមកម្មវិធីការងាររបស់ខ្លួន ដើម្បីត្រួតពិនិត្យ និងស្វែងរកដំណោះស្រាយ ទៅលើសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ លើសំណួរ-និងសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាដែលបានកើតមានក្នុងពេលអនុវត្តការងារភារកិច្ចរបស់មន្ត្រី ជំនាញកាលពី ខែសីហា ឆ្នាំ២០២០កន្លងទៅ។ ពីធីនេះ ប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តសៀមរាបក្រោមការដឹកនាំរបស់លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ក្នុងខេត្ត សរុបចំនួនជាង៦០នាក់។

បន្ទាប់ពីស្ដាប់ការលើកឡើងពីបញ្ហា និងមតិយោបល់ផ្សេងៗពីសំណាក់លោកលោកស្រី ដែលបានចូលរួមក្នុងឱកាសនោះ លោក ង៉ាន់ ភិរុណ ក៏បានធ្វើការស្នើដល់តួអង្គនៃមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ឋ សហការគ្នាក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយតម្លាភាព គណនេយ្យភាព ច្បាស់លាស់ លឿន រហ័ស និងទាន់ពេលវេលា ព្រមទាំងត្រូវសហការគ្នា ទៅតាមជំនាញរៀងៗខ្លួន ដោយពិនិត្យទៅលើសំណុំឯកសារ របស់អ្នកមកទទួលសេវា និងត្រូវពន្យល់ប្រាប់អ្នកមកទទួលសេវា ឱ្យបានដឹងអំពីតម្រូវចាំបាច់មួយចំនួនការលើពាក្យស្នើសុំ និងលិខិតសុំពាក់ព័ន្ឋនានាក៏ដូចជាការបង់សេវាចូលថវិកាជាតិមុននឹងផ្តល់អាជ្ញាប័ណ្ណឱ្យជាដើម។

លោក ង៉ាន់ ភិរុណ បន្ថែមថា ចំពោះបញ្ហាប្រឈម មួយចំនួនមានលក្ខណៈជាអន្តរវិស័យ ដែលស្នងការរងនៃស្នងលការដ្ឋានខេត្ត ស្នើដោះស្រាយ ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម នៅក្នុងខេត្ត រដ្ឋបាលខេត្តស្នើឱ្យសរសេរលិខិតជាលាយលក្ខ័អក្សរ នូវបញ្ហាប្រឈមសំខាន់ៗ ដើម្បីដាក់ជូនទៅអភិបាល នៃគណៈអភិបាលខេត្ត ព្រោះមានចំណុចសំណូមពរជាច្រើនខុសពីតួនាទី និងដែនសមត្ថកិច្ចដែលលោកត្រូវទទួល។

សូមបញ្ចាក់ថា ក្នុងឱកាសនោះដែរ អង្គប្រជុំ ក៏បានធ្វើការពិភាក្សាពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈមួយចំនួនរួមមាន៖ ១.ពិនិត្យ ពិភាក្សា និងផ្តល់យោបល់កិច្ចសន្យាការពារបរិស្ថាន ដែលតម្រូវឱ្យម្ចាស់គម្រោង អនុវត្តសម្រាប់គម្រោងសិប្បកម្មអាជីវកម្មរ៉ែសំណង់ និងគម្រោងសាងសង់សំណង់អគារក្រឡាផ្ទៃតូចជាង៣០០០ ម៉ែត្រការ៉េ និងក្រឡាផ្ទៃតូចជាង៥០០ម៉ែត្រការ៉េ
, ២. ពិនិត្យ ពិភាក្សា និងផ្តល់យោបល់សេវាកិច្ចសន្យាការពារបរិស្ថានសម្រាប់គម្រោងអាជីវកម្ម រ៉ែសំណង់គ្រប់ប្រភេទ និងរ៉ែផ្សេងទៀតដែលជាសិប្បកម្មក្រោម ១ហិកតា , ៣. ពិនិត្យ ពិភាក្សា និងផ្តល់យោបល់បញ្ហាការកាប់ រុករានទន្ទ្រានដីរដ្ឋក្នុងតំបន់មជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និង ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន , ៤.ពិនិត្យ ពិភាក្សា និងផ្តល់យោបល់បញ្ហាប្រឈមសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ , ៥.ពិនិត្យ និងធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយលើបញ្ជីសំណួរ -សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០១៩ និង ៦.បញ្ហាផ្សេងៗ៕

អត្ថបទ និងរូបភាព៖លោកយូ វង្ស
កែសម្រួលដោយ លីវ សុខុន