សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ !

សៀមរាប៖ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលជំនួយឧបត្ថម្ភ ពីសប្បុរសជនជាតិ និងអន្តរជាតិ ដើម្បជួយដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុងស្រុកក្នុងខេត្ត ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោកជំទាវ ទាង អេង បានសម្តែងនូវអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់សប្បុរសជននានា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវ របស់អាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត ក្នុងការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា។

លោកជំទាវ ក៏បានគូសបញ្ជាក់ដែរថា៖ ការបរិច្ចាគនូវធនធាន ជាស្បៀងអាហារ សម្ភារៈ ឬថវិកាក្ដី នៅពេលនេះ គឺសម្រាប់បំពេញតម្រូវការខ្វះខាតរបស់ជនគ្រោះ និងងាយរងគ្រោះ ដែលកំពុងជួបគ្រោះទឹកជំនន់ ក៏ដូចជាវិបត្តិកូវីដ-១៩។ អំណោយទាំងអស់នេះ សាខាកាកបាទខេត្តនឹងចាត់ចែងឱ្យបានសមស្រម សមភាព តម្លាភាពទៅដល់ដៃ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយឡើយ ។

សូមជម្រាបថា អំណោយ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលបានពីសប្បុរសជននាពេលនេះ សរុបជារួម មានអង្ករ ១២តោន២០០គក្រ , មី ៣៨០កេស , ទឹកបរិសុទ្ធ ៣០០កេស , ភួយ ៥០០, មុង ១០០ , ធុង សម្រាម ២០, ឆ័ត្រ៤ និង ថវិកា ប្រាក់រៀល ចំនួន ៣២,១១០,០០០.០០រៀល និងប្រាក់ដុល្លារចំនួន ៦,៤៥០ដុល្លារ ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលដោយ៖ លោក សេង ផល្លី