ក្រុមប្រឹក្សាខេត្តកណ្តាល ចុះដោះស្រាយ​ ការលំបាក​ និងបញ្ហាប្រឈមនានា​តាមរយ:វេទិកាសាធារណ:​ជូនប្រជាពលរដ្ឋ​ស្រុកពញាឮ

(ពញាឮ)៖​ ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៣ នៅឃុំផ្សាដែក ស្រុកពញាឮ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០​ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាក់ប្រាប់
ប្រជាពលរដ្ឋចូលរួម​ ជាង៤៥០នាក់ថា ៖​ គោលបំណងរបស់វេទិការនេះ គឺធ្វើឡើង​ ដើម្បីផ្សព្វផ្សាយតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្ត​ សំរេចបាន តាមរយៈការអនុវត្ត​ សកម្មភាពនានា​ តាមបណ្តាឆ្នាំកន្លងមក ។

ក្នុងវេទិកានេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរង​ ខេត្តកណ្ដាល បានរាយការណ៍ ពីសមិទ្ធផលសម្រេចបាន​ ក្នុងរយៈពេល៩ ខែឆ្នាំ ២០២០ និងទិសដៅការងារ​ ត្រូវអនុវត្តបន្ត សំដៅលើកកម្ពស់ជីវភាព​ ប្រជាពលរដ្ឋអោយកាន់តែ​ល្អប្រសើរឡើង។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកទឹកចិត្ត​ ដល់ប្រជាពលរដ្ឋ លើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឲ្យបានផុលផុសកុំមានការភ័យខ្លាច ពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់
តាមរយៈការ​ និយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនឲ្យចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

គួររំលឹកថា៖​ តាមរបាយការណ៍ឆ្លើយតប​ របស់ក្រុមប្រឹក្សាខេត្ត កាលពីឆ្នាំ២០១៩កន្លងទៅនេះ ក្រុមប្រឹក្សាខេត្ត​ ទទួលបានសំណូមពរ​ ពីប្រជាពលរដ្ឋចំនួន២៥ចំណុច​ពាក់ព័ន្ធនឹង បញ្ហាការផ្តល់សេវាសាធារណៈ ហេដ្ឋា រចនាសម្ព័ន្ធ សន្តិសុខសណ្តាប់ធ្នាប់ វិវាទផ្សេងៗ ដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្តធ្វើការ​ ដោះស្រាយជូនបានរួចរាល់ចំនួន១៨បញ្ហា នៅសល់៧ បញ្ហាទៀតកុំពុងដោះស្រាយបន្ត។

ដោយឡែកសំរាប់វេទិកា​ ក្នុងថ្ងៃនេះមានប្រជាពលរដ្ឋ​ បានឡើងនូវបញ្ហាប្រឈមចំនួន៣៤ បញ្ហា​ក្នុងនោះសំណូមពរ​ ផ្ទាល់មាត់ចំនួន២នាក់ និងសរសេរជាក្រដាស់ចំនួន ៣២បញ្ហា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី បញ្ហាអគ្គិសនី បញ្ហាទឹកស្អាត ស្នេីសុំធ្វើផ្លូវបេតុង ដាក់លូ រំដោះទឹក និងវិវាទផ្សេងៗ ដែលបញ្ហាទាំងនេះ​ ត្រូវបានឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្តទទួលយក និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធ​ត្រូវធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្ដាល
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស