ក្នុងស្ថានភាពទឹកជំនន់ទឹកភ្លៀងជន់លិច ក្រុមការងាររាជរដ្ឋាភិបាល ណែនាំឲ្យប្រជាពលរដ្ឋការពារសុវត្តិភាពខ្លួនឯង កុំឲ្យគ្រោះថ្នាក់កើតឡើង

(កណ្តាល)៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកស្អាង
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឱកាសចុះ សាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន៥៧៩ គ្រួសារ មកពីឃុំចំនួន២ គឺឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវស្ថិតនៅស្រុកស្អាង កាលពីព្រឹកថ្ងៃទី២២តុលានេះ បានណែនាំអោយប្រជាជន រងគ្រោះទាំងអស់ត្រូវចេះថែរក្សាការពារ សុវត្ថិភាពខ្លួន និងគ្រួសារក្នុងបន្ទុក ជៀសវាងគ្រោះថ្នាក់ណាមួយ កើតឡើងជាយថាហេតុ ពិសេសត្រូវប្រកាន់យក ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យ ដោយប្រើទឹកស្អាត រឺទឹកដាំពុះ ដើម្បីគេចផុតពីជំងឺដង្កាត់ទាំងឡាយ ។

អំណោយនាំមកចែកនាពេលនេះ ចំនួន៥៧៩គ្រួសារ ដែលក្នុងគ្រួសារនិមួយៗ ទទួលបាន អង្ករចំនួន ៥០គីឡូក្រាម មី១កេស ទឹកត្រីមួយយួរ ត្រីខ១យួរ មុង១ភួយ១ ក្រមា១ អាវភ្លៀង១ សាប៊ូ១ដុំ និងធូបមូសមួយប្រអប់៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល

សម្រួលផ្សាយ៖ កន ចំណាន