អាជ្ញាធរ​អំពាវនាវ ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ សុខភាព​អនាម័យ ជៀសវាង​ជម្ងឺ​ដ​ង្កា​ត់​ផ្សេងៗ​ខណៈដែល ទឹកជំនន់​ទឹកភ្លៀង កំពុង​ជន់​លិច​

(​សង្កាត់​ព្រែក​ហូរ​)៖ អាជ្ញាធរ​ខេត្តកណ្តាល​បាន​អំពាវនាវ អោយ​ប្រជាពលរដ្ឋ រក្សា​នូវ​សុខភាព​អនាម​យ័ ដោយ​ប្រកាន់​ខ្ចា​ប់​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ជាប់​ជាប្រចាំ ខ​ណះ​ដែល​ពួកគាត់​កំពង់ រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ជន់​លិច​។​

​ការអំពាវនាវ​របស់​អាជ្ញាធរ ខេត្តកណ្តាល​បែបនេះ គ្រា​ដែល​បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​តាមរយៈ​ក្រុមហ៊ុន​មួយ E-GETS TECHNOLOGY ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង ចំនួន​២៥៩​គ្រួសារ ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ កាលពី​រសៀល​ថ្ងៃទី ២១​តុលា​នេះ​។

​មានប្រសាសន៍ ចំពោះមុខ​ប្រជាជន​រងគ្រោះ​នៅ​ទីនោះ តាងនាម​អាជ្ញាធរ​ខេត្តកណ្តាល ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ អភិបាលខេត្ត បាន​សំដែង​នូវ​ការកោតសរសើរ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស របស់​ក្រុមហ៊ុន E-GETS TECHNOLOGY និង​សហការី មាន​វត្តមាន​នៅទីនេះ​ដែ​ល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ចែករំលែក​ជួយ​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​នាពេលនេះ ហើយ​ប្រការនេះ​ជា​កាយវិការ សប្បុរសធម៌​ពិតៗ ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។​

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ​និង​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ បាន​ដាស់តឿន​ក្រើនរំលឹក​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ ត្រូវ​រក្សា​សុវត្ថិភាព​ខ្លួនឯង និង​សមាជិកគ្រួសា​នៅក្នុង​បន្ទុក​កុំឱ្យ​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ជាពិសេស​បង្កឡើង​ដោយ​ការធ្វេសប្រហែស ចំពោះ​កុមារ​តូចៗ​បណ្ដាលអោយ​លង់ទឹក​ស្លាប់​ជាដើម​។​

​សូមបញ្ជាក់​ផងដែរ​ថា ៖ អំណោយ​ដែល​ផ្តល់ជូន​គ្រួសារ​រងគ្រោះ នាពេលនេះ​មាន​៖ អង្ករ​២០ គីឡូក្រាម មី​១​កេស ទឹក​សុទ្ធ​១​កេស នំប៉័ង ១០​ដើម ធុង​ជ័រ​១ សាប៊ូ​២​ដុំ និង​ថវិកា​៤ ម៉ឺន​រៀល​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​