គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកបន្ទាយមាស ទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តកំពត

(កំពត)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន១,០៣០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាសខេត្តកំពត ត្រូវបានទទួលអំណោយស្បៀងអាហារមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តកំពត ដែលវិធីនេះមានការចួលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យានិងនាវានុវត្តន៍ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភានិងរាជរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពក្នុងខេត្ត ។

មានប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំប្រសាសន៍ផ្ដាំផ្ញើររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចគត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលនេះ ដែលជានិច្ចកាលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់រួមសុខរួមទុក្ខលំបាកនិងដោះស្រាយរាល់បញ្ហាធំតូច របស់ប្រទេសជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

ជាក់ស្ដែង ក្នុងស្ថានភាព ដែលរាជធានី និងខេត្តមួយចំនួនកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងថ្មីៗនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត តែងតែបានចុះជាប់ដើម្បីសួរសុខទុក្ខ និងនាំអំណោយចែកជូនសម្រាលការលំបាករបស់ប្រជាពលរដ្ឋ មិនប្រកាន់រើសអើងជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ព្រោះសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខលំបាកកង្វល់របស់ថ្នាក់ដឹកនាំ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកបញ្ជាក់ដែរថា ឆ្នាំនេះបើទោះបីរាជធានី និងខេត្តមួយចំនួនក្នុងប្រទេស ទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងនេះយ៉ាងណាក៏ដោយ ប៉ុន្តែខេត្តកំពត មានការរងផលប៉ះពាល់តិចតួច មិនដូចឆ្នាំមុនឡើយ ទាំងនេះដោយសារកត្តានៃការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តមានការរីកចម្រើនដែលអាចរួមចំណែក នៃការនាំទឹកបានលឿន បល្អប្រសើរ ហើយទឹកជំនន់នេះមិនមែនជំនន់ដោយទឹកទន្លេមេគង្គឡើយ។

តែទោះបីយ៉ាងនេះក្ដីឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉នក៏បានសំណូមពរផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋ ត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នថែមទៀត ជាពិសេសមើលថែរក្សាកូនចៅ ឲ្យបានល្អ ក្នុងពេលទឹកមិនទាន់ស្រក និងរស់នៅឱ្យមានអនាម័យ ហូបស្អាតផឹកស្អាត ដើម្បីបង្ការនិងបញ្ចៀសការគ្រោះថ្នាក់និងជំងឺផ្សេងៗកើតឡើងដោយយថាហេតុ។

ឯកឧត្តមក៏បានថ្លែងអំណរគុណកោតសរសើរ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សាខាកាកបាទក្រហមខេត្ត យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលដើម្បីអន្តរាគមន៍ និងដោះស្រាយជួយប្រជាពលរដ្ឋបានទាន់ពេលវេលានិងឆ្លើយតបមានប្រសិទ្ធភាព ដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះខ្វះខាតស្បៀងអាហារ ឬស្លាប់ ដោយសារជំនន់ទឹកភ្លៀងនេះឡើយនៅក្នុងខេត្តកំពត។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមនិងអ្នកពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ឬស្ថានភាពទឹកជំនន់ឲ្យបានជាប់ជាប្រចាំ ប្រសិនបើមានបញ្ហាកើតឡើង ត្រូវជួយអន្តរាគមន៍ ឬរាយការណ៍មកថ្នាក់លើ ដើម្បីដោះស្រាយឆ្លើយតបជួយឲ្យបានទាន់ពេលវេលាមិនត្រូវទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារ ឬគ្រោះថ្នាក់ស្លាប់ដោយទឹកជំនន់និងគ្មានការអន្តរាគមន៍និងដោះស្រាយឡើយ។

អំណោយចែកជូនពលរដ្ឋទាំង១០៣០គ្រួសារ នាឱកាសនោះក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កោះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករសមួយគីឡូក្រាម និងថវិកា ៤ម៉ឺនរៀល។

ដោយឡែកក្នុងឱកាសនោះឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន ក៏បានឧបត្ថម្ភថវិកាជូនគ្រូពេទ្យ១០ម៉ឺនរៀល យុវជនកាកបាទក្រហមខេត្ត ២០ម៉ឺនរៀល អ្នកស្ម័គ្រចិត្តកាកបាទក្រហម ១០ម៉ឺនរៀល ប្រជាការពារ ២០ម៉ឺនរៀល និងកងកម្លាំងទាំងបីប្រភេទ ៣០ម៉ឺនរៀល៕

ដោយ៖មន្ទីរព័ត៌មានខេត្តកំពត

សម្រួលផ្សាយ៖ កន ចំណាន