ឯកឧត្តម ប្រាក់ សុវណ្ណ នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់

(​ព្រះវិហារ​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ តុលា ឆ្នាំ​២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​កម្ពុជា ខេត្តព្រះវិហារ និង​ជា​អភិបាលខេត្ត​ព្រះវិហារ រួមជាមួយ​ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមការងារ​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក ជំនន់​និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​សរុប​ចំនួន ៣០​គ្រួសារ (​នៅ​ភូមិ​សំរោង​ចំនួន​៥ គ្រួសារ ភូមិ​គោក​បេង​១០​គ្រួសារ ភូមិ​ថ្មី ១៥​គ្រួសារ​) ឋិត​នៅ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​

​នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខ ទុក្ខ​បងប្អូន​ជានិច្ច ពោលគឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​សូម អោយ​បងប្អូន​ថែរក្សា​សុខភាព ត្រូវ​ហូប​ទឹកស្អាត​ជានិច្ច ពិសេស​មាន ការប្រុងប្រយ័ត្ន​ក្នុងពេល​ទឹក​ឡើង ការពារ​កូនតូចៗ ជៀសវាង​គ្រោះ ថ្នាក់​កើតឡើង​ជាយថាហេតុ​។​

​សម្ភារ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​រួមមាន​៖​អង្ករ ២៥​គីឡូ មី​១​កេស ត្រីខ ១​យួរ ទឹក​ស៊ី​អី​វ ១​យួរ ទឹកបរិសុទ្ធ ២​យួរ តង់​១ សារុង​១ ក្រមា​១ ភួយ ១ មុង​១ និង​ថវិកា​មួយចំនួន​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ