ក្រសួង​វប្បធម៌​៖ យុវជន​មាន​សារៈសំខាន់​ណាស់ ដើម្បី​ចូលរួម​លើកស្ទួយ ថែរក្សា​សម្បត្តិ​វប្បធម៌ សិល្បៈ​ប្រពៃណីជាតិ​របស់​ខ្មែរ​នៅ​គង់វង្ស​ជា​និរន្ត​ន៍​

(​ព្រៃវែង​)៖ លោក ហូត សំណាង ប្រធាន​នាយកដ្ឋាន​បូរាណ​វត្ថុ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា យុវជន​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ថែរក្សា​វត្ថុ​បុរាណ​ទាំងអស់នេះ ព្រោះថា​យុវជន​គឺជា​ទំពាំង​ស្នង​ឬ​ស្សី ជា​អ្នក​ស្នង​នូវ​ប្រពៃណី​វប្បធម៌​ដូនតា​របស់​ខ្មែរ​យើង​ជំនាន់​ក្រោយ​បន្ត​ទុក​ទៅ​ថ្ងៃ​អ​នាគ​ត់ ដូច្នេះ​យុវជន​មាន​សារៈសំខាន់​ណាស់ ដើម្បី​ចូលរួម​លើកស្ទួយ ថែរក្សា​សម្បត្តិ​វប្បធម៌ សិល្បៈ​ប្រពៃណីជាតិ​របស់​ខ្មែរ​នៅ​គង់វង្ស​ជា​និរន្ត​ន៍ ការលើកឡើង​បែបនេះ​គឺ​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ និង​បញ្ជ្រាប​ចំណេះដឹង​ជា​សាធារណៈ លើ​វិស័យ​វប្បធម៌ អំពី​បទល្មើស នៃ​ការជួញដូរ ចរាចរ បំផ្លិចបំផ្លាញ និង​ការជីក​រុករក​វត្ថុ​បុរាណ​ដោយ​ខុសច្បាប់​ដែល​ស្ថិត​វត្ត​វិហា​ធំ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ដែលមាន​ការអញ្ជើញ​ចូលរួម​មន្ទីរ​អង្គភាព​អាជ្ញាធរ​ពាក់ព័ន្ធ បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​លោក ហូត សំណាង ក៏បាន​បន្តទៀតថា ក្នុង​ការងារ​នេះ​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​បញ្ជ្រាប​នូវ​ចំណេះដឹង​ដល់​យុវជន​ជំនាន់​ក្រោយ​អោយ​គាត់​យល់ដឹង​កាន់តែច្បាស់​អំពី​តម្លៃ​នៃ​វប្បធម៌ វត្ថុ​បុរាណ​របស់​ដូនតា​ខ្មែរ​យើង​ដែល​បាន​បន្សល់ទុក​កាលពី​យូរលង់​ណាស់​មកហើយ​នោះ ដើម្បី​បន្ត​លើកស្ទួយ​គាំទ្រ និង​ជួយ​អភិរក្ស​នូវ វត្ថុ​បុរាណ​ទាំងអស់នោះ​ឱ្យបាន​គង់វង្ស​។ លោក​ក៏បាន​បន្តទៀតថា វត្ថុ​បុរាណ វប្បធម៌​ប្រពៃណី ទាំងអស់​នេះហើយ​ដែលជា​វត្ថុតាង​មួយ​សម្រាប់​បង្ហាញ​ដល់​សាធារណជន​ក៏ដូចជា​ពិភពលោក​ឲ្យ​គាត់​យល់ដឹង​កាន់តែច្បាស់​ថា​ជា​របស់ ខ្មែរ និង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ទប់ស្កាត់ ពីបទ​ល្មើស នៃ​ការជួញដូរ​ចរាចរណ៍​និង​បំផ្លិចបំផ្លាញ​និង​ការជីក​រុករក​វត្ថុ​បុរាណ​ដោយ​ខុសច្បាប់ របស់​ក្រុម​ឆ្លៀត​ឱកាសនិយម​ក៏ដូចជា​ក្រុមចោរ​ដែល​យកទៅលក់​ឲ្យ​ឈ្មួញ​ដើម្បី​បាន​ប្រាក់កំរៃ​ផ្ទាល់ខ្លួន​និង​បំផ្លិចបំផ្លាញ​នូវ​វត្ថុ​បុរាណ​របស់​ជាតិ​យើង​ដែលជា​កេរ​មរតក​របស់​ខ្មែរ​យើង​។​

​លោក ហូត សំណាង ក៏បាន​បន្តទៀតថា ចំពោះ​ស្រុក​បាភ្នំ​នេះ​គឺជា​ទីតាំង​បុរាណ​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ ដែល​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​យល់ថា​ជាទី​ក្រុង​បុរាណ​មាន​ឈ្មោះថា “​វ្យា​ធ​បុ​រៈ​” ។​ជាក់ស្ដែង​នៅមាន​ប្រាសាទ​សល់​រូបរាង​ល្អ​មួយ​គឺ​ប្រាសាទព្រះវិហារ​ច័ន្ទ ស្ថិតនៅ​ក្នុងភូមិ​រោងដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ប្រាសាទ​នេះ​មាន​ខឿន​ធ្វើ​អំពី​ថ្មបាយក្រៀម ស្ថិតនៅ​ចុង​សតវត្ស​ទី ១២ ដើម​សតវត្សរ៍​ទី ១៣​។ នៅខាងមុខ​ប្រាសាទព្រះវិហារ​ច័ន្ទ​នេះ​ប្រហែលជា ៣០០ ម៉ែត្រ មាន​ស្រះ​មួយ​ឈ្មោះថា​”​ស្រះស្រង់​”​។ ម្យ៉ាងវិញទៀត​ស្រុក​បាភ្នំ​មាន​តួ​បុរាណ​ជាច្រើន​ប្រមាណ​ជាង ១៦៣ ទួល​។ ស្រុក​បាភ្នំ​ក៏​ជា​ស្រុក​មួយ​ដែលមាន​សក្កា​នុព​ល​ខ្លាំង​ខាង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ដែលមាន​រមណីយដ្ឋាន​ភ្នំ​ឈើកាច់ ប្រាសាទព្រះវិហារ​ច័ន្ទ ទំនប់​បង្ហៀ​បឹង​ស្នេហ៍ និង​ជាពិសេស​មាន​រមណីយដ្ឋាន​ទួល​ព័​ន្ទ​តា​ឡី​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​ជា​ហូរហែ​។​

​លោក អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រសិនបើ​បានឃើញ​នូវ​អំពើ​ជួញដូរ​ចរាចរណ៍​បំភ្លេច​បំផ្លាញ និង​ការជីក​រុករក​វត្ថុ​បុរាណ​ខុសច្បាប់ ទាំងអស់នេះ​សូម​រាយការណ៍​ជាបន្ទាន់​ទៅ កងកម្លាំង​មាន​សមត្ថកិច្ច ក៏ដូចជា​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ចុះ​អន្តរាគមន៍ និង​ចាប់បញ្ជូន​ជនល្មើស​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​