រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងប្រើប្រាស់យន្តការថ្មី ដើម្បីអភិវឌ្ឍប្រសិទ្ធភាពការងារឆ្នាំ២០២១ ខាងមុខ

សៀមរាប៖ កិច្ចប្រជុំរបស់ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងបានប្រើប្រាស់បទពិសោធន៍ការងារឆ្នាំ២០២០ ដើម្បីរៀបចំយន្តការថ្មី ដែលមានប្រសិទ្ធភាព សំរាប់ការអនុវត្តបន្តឆ្នាំ២០២១ លើការងារត្រួតពិនិត្យ និងជំរុញគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។

យោងតាមលទ្ធផល នៃកិច្ចប្រជុំរបស់ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ដើម្បីត្រួតពិនិត្យ និងជំរុញការគាំទ្រ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សេចក្តីព្រៀងយន្តការថ្មីមួយ ស្តីអំពីកំណែទម្រង់រចនាសម្ព័ន្ធ ពង្រឹងក្រុមលេខាធិការដ្ឋាន និងរៀបចំវិធីសាស្រ្តការងារ ដាក់ឆ្លងកិច្ចប្រជុំលើកក្រោយក្នុងអំឡុងខែធ្នូខាងមុខ និងដាក់ជូនប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ដើម្បីអនុម័តប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ខាងមុខ ប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលាស្រុក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានដឹកនាំកិច្ចប្រជុំដោយឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចត្រសិល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ។

បញ្ហាសំខាន់ ដែលបានលើកនៅក្នុងកិច្ចប្រជុំនេះគឺការប្រមូលព័ត៌មាន ស្តីអំពីតម្រូវការរបស់សហគមន៍ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសចំពោះមុខនៃវិបត្តិកូវីដ-១៩ រួមទាំងផលប៉ះពាល់នៃជំនន់ទឹកភ្លៀង ដែលទើបនឹងកើតឡើងថ្មីៗនេះ។ កិច្ចប្រជុំក៏បានលើកឡើងផងដែរថា វេទិការសាធារណៈគឺជាឧបករណ៍ប្រមូលព័ត៌មានដ៏ត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សហគមន៍ និងបំពេញចំពោះអ្វីដែលជាសំណូមពររបស់ប្រជាពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ បើពុំមានបេសកកម្មរបស់ក្រុមការងារចុះសិក្សាស្វែងយល់បន្ថែមទៀត ក្នុងទម្រង់ទស្សនកិច្ច ក្រៅពីទម្រង់កិច្ចការសាធារណៈនោះ។

គួរបញ្ជាក់ផងដែរថា បញ្ហាដីធ្លីនៅស្រុកបន្ទាយស្រី នៅតែជាកម្មវត្ថុនៃដំណោះស្រាយជាបន្តបន្ទាប់ ហើយស្រុកមួយនេះក៏មានទីតាំងបូរាណដ្ឋាន និងតំបន់ការពារបេតិកភ័ណ្ឌផងដែរ ដែលគ្រប់គ្រងការពារដោយអាជ្ញាធរជាតិអប្សរា។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរជាតិអប្សរា មានក្រុមការងារសហគន៍ប្រចាំស្រុកបន្ទាយស្រី ឈរជាប់ជាប្រចាំ ដើម្បីសម្របសម្រួលសំណូមពរជូនប្រជាពលរដ្ឋ លើការប្រើប្រាស់ដីធ្លី និងសាងសង់លំនៅដ្ឋានជាដើម។ អាជ្ញាធរជាតិអប្សរា ក៏មានគោលការណ៍អប់រំប្រជាពលរដ្ឋសហគមន៍ផងដែរ ដើម្បីបញ្ជ្រាបនូវការយល់ដឹង និងចូលរួមការពារតំបន់បេតិកភណ្ឌទាំងអស់គ្នា៕

អត្ថបទ និងរូបភាព: លោក ហិន គីមឡេង
កែសម្រួលដោយ លីវ សុខុម (មន្ទីរព័ត៌មានខេត្តសៀមរាប)
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស