ការិយាល័យផលិតកម្មនិងបសុព្យាបាលបើកការផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ពិសេសសេចក្តីណែនាំលេខ ១៥២ ណណន.កសក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(កំពង់ធំ)៖ដោយអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចាត់ឲ្យលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បើកការផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងបទដ្ឋានពាក់ព័ន្ធ ពិសេសសេចក្តីណែនាំលេខ ១៥២ ណណន.កសក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ពិធីនេះមានការចូលរួមម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ និងមាន់សាច់
ក្រុមហ៊ុន cp និងម្ចាស់កសិដ្ឋាន
ក្នុងខេត្តកំពង់ធំសរុបចំនួន៤៧នាក់ នៅរសៀលថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ នៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

ថ្លែងក្នុងកម្មវិធីនេះលោក តាន់ ម៉េងឆាង ក៏បានពន្យល់ណែនាំដល់ម្ចាស់កសិដ្ឋាន និងផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ ផលិតកម្មសត្វ និងបទដ្ឋានពាក់ព័ន្ធ ពិសេសសេចក្តីណែនាំដល់ម្ចាស់កសិដ្ឋានណាមិនទាន់ធ្វើប្លង់រោងសម្រាប់ចិញ្ចឹមសត្វទេ សូមសហការជាមួយក្រុមជំនាញដើម្បីចុះធ្វើប្លង់ដឺម៉ាស់ហើយ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វទាំងអស់ត្រូវតែសហការជាមួយក្រុមហ៊ុន cp ដើម្បីទទួលបានបច្ចេកទេសថ្មីៗពីក្រុមហ៊ុន។ លោកបានបន្តថាក្រុមហ៊ុន cp ជាក្រុមហ៊ុនមួយដែលបានសហការជាមួយប្រជាកសិករ ដើម្បីជួយបង្កើតនូវមុខរបរថ្មីៗ ព្រមទាំងជួយបង្រៀននូវបច្ចេកទេសល្អៗក្នុងការចិញ្ចឹមសត្វដើម្បីទទួលបានផលចំណេញខ្ពស់ផងដែរ ។

លោកតាន់ ម៉េងឆាងបន្តថា ការចិញ្ចឹមសត្វឱ្យមានដំណើរការល្អលុះត្រាតែម្ចាស់កសិដ្ឋានទាំងអស់ត្រូវតែខិតខំសំអាតនៅបរិវេណ និងមានអនាម័យជួយក្នុងការត្រួតពិនិត្យលើសុខភាពសត្វ លើបច្ចេកទេសការប្រើប្រាស់ចំណីអាហារ ការប្រើប្រាស់វ៉ាក់សាំង រួមជាមួយការស្វែងរកសេវាទីផ្សារបន្ថែម ។ ការនាំចូលចំណីសត្វផ្សេងៗឲ្យប្រជាកសិករប្រើប្រាស់ត្រូវតែមានច្បាប់ត្រឹមត្រូវ។

ជាចុងក្រោយលោក តាន់ ម៉េងឆាង បានអំពាវនាវដល់កសិដ្ឋានទាំងអស់ត្រូវប្រុងប្រយ័ត្នជានិច្ច ពីការឆ្លងជំងឺកូវីដ-១៩ តាមរយៈសត្វដែលយើងបានចិញ្ចឹម។ ប្រសិនបើកសិដ្ឋានណាសង្ស័យមានជំងឺឆ្លងផ្សេងៗដល់សត្វ សូមរាយការណ៍ដល់ក្រុមជំនាញជាបន្ទាន់ចៀសវាង ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលគាត់បានទទួលទានសត្វដែលមានជំងឺ និងរាយការណ៍ដល់ភ្នាក់ងារសុខភាពសត្វភូមិឲ្យបានទាន់ពេលវេលា។

អត្ថបទ និងរូបភាព ធូ កែវមុន្នី (មន្ទីរព័ត៌មានខេត្តកំពង់ធំ)

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស