ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នាំអំណោយជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងជីវភាពលំបាក ចំនួន ៤សង្កាត់ ក្នុងក្រុងតាខ្មៅ

កណ្តាល៖ នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងសហការីអញ្ជើញចូលរួមចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងមានជីវភាពលំបាក ចំនួន ៤សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ឈុន ស៊ីរុន លេខាធិការគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកណ្តាល ដែលបាននាំយកអំណោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវស្សា សៅ ទី ហេង សំរិន ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅវត្តក្រពើហារ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ឈុន ស៊ីរុន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋថា អំណោយថ្ងៃនេះគ្រាន់តែជួយសម្រាលដល់ជីវភាពមួយរយៈខ្លីប៉ុណ្ណោះ ដូចនេះសូមបងប្អូនខិតខំប្រកបអាជីវកម្មតាមអ្វីដែលធ្លាប់ធ្វើដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ និងសូមថែទាំសុខភាព ត្រូវប្រុងប្រយ័ត្នការលង់ទឹក ពិសេសកុមារតូចៗ។ ឯកឧត្តមបណ្ដិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ជាមួយនិងស្ថានភាពប្រឈមជំនន់ទឹកភ្លៀងដែលកំពុងកើតមាននាពេលនេះ រដ្ឋបាលខេត្ត បាននិងកំពុងធ្វើការអន្តរគមន៍ ដោះស្រាយ និងបានត្រៀមផែនការអន្តរាកមន៍ជាបន្តបន្ទាប់ ដោយមានការចូលរួមឧបត្ថម្ភគាំទ្រយ៉ាងស្រស្រាក់ស្រស្រាំ ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋាន ដែលធ្វើអោយយើងអាចបញ្ជៀសបានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន។

សូមបញ្ជាក់ថា៖ អំណោយដែលចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទាំង៤៤១គ្រួសារអញ្ជើញមកពី៩ភូមិ ៤សង្កាត់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១០កញ្ចប់ និងថវិការចំនួន ២ម៉ឺនរៀល៕