លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និងឯកឧត្តម សុខ លូ នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកសន្ទុក

(កំពង់ធំ)៖ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញចូលរួមចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋចំនួន ៣៥៣គ្រួសារ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកសន្ទុក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ថ្លែងនៅក្នុងពិធីចែកអំណោយនោះដែរ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និងឯកឧត្តម សុខ លូ បានពាំនាំក្តីនឹករលឹក និងសាកសួរសុខទុក្ខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ទីណាមានទុកលំបាក ទីនោះតែងតែមានកាកបាតក្រហមចុះជួយជានិច្ច ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅពេលនេះជាពិសេស មើលថែចំពោះកុមារ ការពារកុំឲ្យលង់ទឹក ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ។ បន្ថែមពីនេះទៀត សូមប្រជាពលរដ្ឋទាំងអស់ រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ចូលរួម ការពារ ទប់ស្កាត់ ការ ឆ្លង រីករាលដល់ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់។

សូមបញ្ជាក់ថា: ការចែកអំណោយនេះគឺប្រព្រឹត្តទៅនៅ ៣ ទីតាំងផ្សេងគ្នា រួមមាន ទីតាំង១. នៅវត្តគីរីសុខសាន្ត ទី២. នៅវត្តកំពង់ថ្ម និងទី៣. ចុះចែកតាមខ្នងផ្ទះលិចទឹក ហើយអំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងសាប៊ូ ១ដុំ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

សម្រួលផ្សាយ៖ កន ចំណាន