ប្រជាពលរដ្ឋ​៣២៧​គ្រួសារ នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ទទួលបាន​ការ​ឧ​ប​ត្ត​ម្ភ​ស្បៀងអាហារ ដើម្បី​ដោះស្រាយ​ជីវភាព​

(​កំពង់ធំ​)៖ ប្រជាពលរដ្ឋ​៣២៧​គ្រួសារ នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដែល​រង​ផល ប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់ ទទួលបាន​ការឧបត្ថម្ភ ជា​ស្បៀងអាហារ​ពី​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​ជីវភាព ប្រចាំថ្ងៃ​។

នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០, ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ ដឹកនាំ​សហការី​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ជា​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ​ជាង​៣២៧​គ្រួសារ នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ដែល​កំពុង​រង ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​។ ក្នុងឱកាស​នោះដែរ ឯកឧត្តម សុខ លូ បាន​ពាំ​នាំនូវ​ប្រសាសន៍ ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​គតិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចកាល​សម្តេច​ទាំងពីរ​តែងតែ​នឹករលឹក​ចង់ដឹង​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​និង​ចាត់ទុក​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ជា​សុខ​ទុក​របស់​សម្តេច​។

ឯកឧត្តម​បន្តថា ថ្វីត្បិតតែ​អំណោយ​ទាំងអស់នេះ​តិចតួច មិន​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព ប៉ុន្តែ​វា​ក៏​អាចជួយ សម្រួល​ដល់​ភាពលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងដំណាក់កាល​ដែល​មិនអាច​ទៅ​ប្រកបការងារ​អំឡុង ពេល​ទឹកជំនន់​កំពុងតែ​លិចលង់​នៅតាម​ភូមិឋាន និង​សហគមន៍​។ ហើយ​ជំ​ហ៊ាន​ដំបូង​របស់​បងប្អូន គឺ​ត្រូវ​រក្សា​សុវត្ថិភាព​ខ្លួនឯង និង​សមាជិកគ្រួសារ​នៅក្នុង​បន្ទុក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ជាពិសេស​បង្កឡើង​ដោយ​ការ​ធ្វេស​ប្រហែល​ធ្វើ​បាត់បង់​សមាជិក​ក្នុង​គ្រួសារ​ដោយ ការ​លង់ទឹក ឬ​សត្វ​អាសិរពិស​ខាំ​ជាដើម​។ ក្នុងនោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការរស់នៅ ប្រកបដោយ​អនាម័យ ជាពិសេស​ការហូប​ទឹកស្អាត ឬ​ផឹកទឹក​ដាំ​ពុះ​ដើម្បី​គេច​ផុតពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​។

ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បញ្ជាក់ដែរថា នៅក្នុង​ខេត្តកំពង់ធំ​ទឹកជំនន់​នាពេល​ល​បច្ចុប្បន្ន​រង​ផលប៉ះពាល់​គ្រប់​ស្រុក​ទាំងអស់​ប៉ុន្តែ​នៅក្នុង​ស្រុក​ស្ទោង​បាន​ទទួលរង​ផលប៉ះពាល់​ខ្លាំង ជាងគេ​ដោយសារ​ជំនន់​ទឹកភ្លៀង​កើនឡើង​យ៉ាងគំហុក ធ្វើ​លិច​ក្រោមផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដែល​ធ្វើ​ឲ្យ​ពិបាកធ្វើ​ដំណើរ​ទៅវិញទៅមក​! ក្នុងថ្ងៃនេះ​ស្ថានភាព​ទឹកជំនន់​នៅតែ​បន្ត​កើនឡើង លិច​ក្រោមផ្ទះ របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ភូមិ​មួយចំនួនទៀត ដែល​កាលពី​ឆ្នាំមុនៗ​កន្លងទៅ​មិនដែល មានទឹក​លិច​នោះឡើយ​។ ឯកឧត្តម​បញ្ជាក់ថា អំណោយ​ដែល​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅពេលនេះ មាន​ប្រមាណ​ជាង ៣២៧​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ២៥ គីឡូក្រាម មី ១​កេះ ទឹកត្រី​២​យួរ ទឹក​សុទ្ធ​មួយ​កេស ត្រីខ ១​យួរ ។​

គួរ​បញ្ជាក់ថា​ប្រជាពលរដ្ឋ​ដែល​បានទទួល​អំណោយ​មកពី​ឃុំ​គឺ​ឃុំ​សា​គ្រាម​មាន​ភូមិ​ពាម​អាទិត្យ ១៣៤​គ្រួសារ និង​ភូមិ​វាល​ចាស់​៨៩ គ្រួសារ និង​ឃុំ​ដូង​មាន​៣​ភូមិ ១០៤ គ្រួសារ​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ