សម្តេចក្រឡាហោម ស ខេ ថ្លែងអំណរគុណដល់ការឧបត្ថម្ភរបស់សប្បុរសជន ដើម្បីជួយជនរងគ្រោះ ដោយទឹកជំនន់

APP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដែលមានទឹកចិត្តសប្បុរសចូលរួមបរិច្ចាកថវិកា គ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនដល់សម្តេច ដើម្បីចាត់ចែងចែកជូនបងប្អូនជនរងគ្រោះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ សម្តេចបានទទួលនូវជំនួយឧបត្ថម្ភពីបណ្ដាសប្បុរសជននានា សរុប មានអង្ករចំនួន៣៧៥តោន, មី១០០កេស, ប្រាក់រៀល៩០លានរៀល និងប្រាក់ដុល្លារ២០០,៥០០ដុល្លារសហរដ្ឋអាមេរិក ។

សម្តេចបានបញ្ជាក់ថា ជំនួយទាំងនេះ សម្តេចក្រឡាហោម និងសហការី បានរៀបចំបែងចែក ជូនបងប្អូនជនរួមជាតិ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង តាមរយៈរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាមូលដ្ឋាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ពោលគឺជំនួយបានទៅដល់ដៃជនរងគ្រោះពិតប្រាកដ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ឬប្រការអ្វីផ្សេងឡើយ។

ទន្ទឹមគ្នានេះដែរ សម្តេចក៏នៅតែបន្តទទួលបាននូវការចូលរួមចំណែកជាថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់នានាជាបន្តទៀត ពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដើម្បីបន្តបែកចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងរងគ្រោះដោយទឹកជំនន់។

សម្តេច ស ខេង បានសម្តែងសេចក្ដីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ នៅពេលបានឃើញបងប្អូនជនរួមជាតិយើង រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយល្អណាស់ នៅក្នុងពេលដែលជនរួមជាតិយើងមួយចំនួនបាននិងកំពុងរងគ្រោះដោយមហាន្តរាយជំនន់ទឹកភ្លៀងនេះ។

សម្តេចក្រឡាហោម ស ខេង បានជូនពរសប្បុរសជនទាំងអស់ ទទួលបាននូវពុទ្ធពរ៤ប្រការ និងសូមជូនពរបងប្អនជនរួមជាតិ ឆាប់បានរួចចាកផុតពីគ្រោះមហន្តរាយនេះ ៕

ដោយ៖ កន ចំណាន