កិច្ចប្រជុំសិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវខ្សែកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប 

សៀមរាប៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សានិងសិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប ដែលមានពិភាក្សាលើប្រធានបទទីក្រុងឆ្លាតចំនួន៤ចំនុច រួមមាន ៖១. ហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍ឌីជីថល , ២. អុីនធឺណិត ល្បឿនលឿន 5G & Public wifi , ៣. កាម៉េរ៉ា សុវត្ថិភាព និង៤. មជ្ឈមណ្ឌលទិន្នន័យខ្នាតតូច។កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជានិងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ដែលជាមន្ត្រីក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ព្រមទាំងតំណាងក្រុមហ៊ុនខ្សែកាបអង្គរនិងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺផ្តោតលើផែនការការងារ ដើម្បីរៀបចំជាយុទ្ធសាស្រ្តសម្រាប់អនុវត្ត និង ការគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ដោយបានពិភាក្សាយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីសម្រេចបាននូវគោលដៅរបស់ទូរគមនាគមន៍កម្ពុជានាពេលអនាគតទៅលើវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវកាប្លិ៍អុបទិក នៅលើផ្លូវ៣៨ខ្សែ ដែលនឹង ចាប់ផ្តើមស្ថាបនា និងកែលម្អឡើងវិញ នៅក្រុងសៀមរាបនាពេលឆាប់ៗខាងមុខនេះ ។

ឯកឧត្តម ជា មានិត មានប្រសាសន៍បន្ថែមថា ខេត្តសៀមរាបនឹងមានផ្លូវខ្វាត់ខ្វែងក្នុងលក្ខណ:ជាទីក្រុងវៃឆ្លាត ឬ Smart City នាពេលខាងមុខនេះ ហើយចំពោះ ខ្សែផ្លូវ ដែលត្រូវស្ថាបនា និងកែលម្អឡើងវិញទាំងអស់ នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាព ជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ហើយក៏ត្រូវស្របតាមរូបសាស្រ្តទីក្រុងដែរ។ ផ្លូវទាំងអស់ ក៏ត្រូវគិតគូជាប្រព័ន្ធ និងលើគ្រប់ទិដ្ឋភាព ដូចជា ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួន ដាំដើមឈើជាដើមផងដែរ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត បានសម្ដែងនូវការគាំទ្រទាំងស្រុង ចំពោះការសិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប ដែលនឹងធ្វើឲ្យក្រុងនេះ មានលក្ខណៈជាទីក្រុងវៃឆ្លាត ឬ Smart City នាពេលខាងមុខនេះ ដែលស្រមទៅតាមការអភិវឌ្ឍន៍ របស់ប្រទេសជាតិផង និង ខេត្តសៀមរាបផង ហើយក្នុងនាមអាជ្ញាធរខេត្ត ត្រៀមសហការជានិច្ចក្នុងកិច្ចដំណើរការនូវហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាបនេះ ។

លោកស្រី យូ សុភា បានសំណូមពរដល់ប្រតិបត្តករក្រុមហ៊ុនទាំងអស់ ដែលមាននៅក្នុងវិស័យទូរគមនាគមន៍ ត្រូវតែសហកាជាមួយអាជ្ញាធរខេត្ត និងក្រុមការងារចម្រុះ រៀបចំកែលំអនូវហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជារៀបចំនូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ ដើម្បីធ្វើការកែលម្អសោភ័ណភាពក្រុងសៀមរាបរបស់យើង ឲ្យទទួលបានកំណើនទេសចរណ៍បន្ថែមទៀត៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ

កែសម្រួលដោយ៖ លោក លីវ សាន្ត