“ទឹកចិត្តកម្ពុជា” ពីទឹកបរិសុទ្ធកម្ពុជា ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគាំពារដល់កងទ័ពក្នុងគ្រាមានអាសន្ន

APP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០–

(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធ កម្ពុជា បានឧបត្ថម្ភទឹកប្រាក់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករ២០០តោន ទឹកបរិសុទ្ធ កម្ពុជា ៣០០០កេស ទឹកក្រូចអាយស៍ IZE ១០០០កេស និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៥០០កេស សម្រាប់ចូលរួមចំណែកជាមួយកងទ័ពជើងគោក ក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត។

នាឱកាសជួបសំដែងការគួរសម និងប្រគល់អំណោយជូនលោក ហ៊ុន ម៉ាណែត ដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់ កាលពីថ្ងៃទី១៩ តុលា ២០២០ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា៖ «យើងមិនអាចទ្រាំមើលប្រទេសយើងដែលកំពុងស្ថិតក្នុងគ្រោះអាសន្ននឹងភ្នែកទទេបានទេ។ ដូច្នេះក្នុងនាមជាពលរដ្ឋកម្ពុជា និងជាតំណាងក្រុមហ៊ុន ដែលតែងតែឈរលើស្មារតីបរិច្ចាគត្រឡប់ទៅសង្គមវិញ ក្រុមហ៊ុន ជីប ម៉ុង ត្រូវតែចូលរួមដោយឆន្ទៈ ដោយឧបត្ថម្ភស្បៀង និងភេសជ្ជៈ ព្រមទាំងថវិកា ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបការសង្គ្រោះ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងគាំពារដល់កងទ័ពក្នុងគ្រាមានអាសន្នដោយសារគ្រោះមហន្តរាយទឹកជំនន់នេះ»។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ជីប ម៉ុង ទាំងអស់ ចំពោះទឹកចិត្តដ៏សប្បុរសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល

និងជួយគាំពារកងទ័ពក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត។ នេះគឺជាការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតទឹកបរិសុទ្ធ កម្ពុជា គឺដើម្បីចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញ ជាពិសេសដល់ពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់៕

ដោយ៖ កន ចំណាន