នៅថ្ងៃពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតចុងក្រោយ ឯកឧត្ដម ទៀ សីហា និងលោកជំទាវ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់គោកចក ក្រុងសៀមរាប

សៀមរាប៖ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និង លោកជំទាវ រួមជាមួយនឹងក្រុមគ្រួសារ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោត មានទីតាំងនៅក្នុងសាលាសង្កាត់គោកចក ដែលជាថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ ។

មានប្រសាសន៍ជួបសំណេះសំណាលជាមួយនឹងមន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោត ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា ចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយការបោះឆ្នោតនេះ វាជារឿងសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំប្រទេសរបស់ខ្លួន ហើយជាមេដឹកនាំដែលខ្លួនពេញចិត្ត ប៉ុន្តែអ្នកដែលមានសិទ្ធិទៅបោះឆ្នោតបាន លុះត្រាណាយើងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដូច្នេះក្នុងឱកាសនៃការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០នេះ សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត គឺពិតជាបានចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មិនទាន់បានចុះឈ្មោះបោះឆ្នោត បានទៅចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងទូទាំងខេត្ត ចំនួន ១៧.៤៤៦ នាក់ ស្មើនឹង ៧១,៧០ ភាគរយ ខណៈអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ចំនួន ៥៥៣.៧១៥ នាក់ ហើយការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០នេះ នឹងត្រូវបញ្ចប់នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ៕

អត្ថបទ និងរូបភាព: លោកសេង ផល្លី
កែសម្រួលដោយលីវ សាន្ត
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស