ក្រសួងវប្បធម៌ ណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើការបណ្តុះអប់រំយុវជនជំនាន់ក្រោយអោយចេះច្រៀង ចេះរាំ ចេះសម្តែងល្ខោនយីកេ ដើម្បីចូលរួមលើកស្ទួយ ថែរក្សាសិល្បៈប្រពៃណីជាតិរបស់ខ្មែរនៅគង់វង្សជានិរន្តន៍

តាកែវ៖ មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការបណ្តុះអប់រំយុវជនជំនាន់ក្រោយ ឱ្យមានការយល់ដឹង ឱ្យចេះច្រៀង ចេះសម្តែងល្ខោនយីកេ គឺជាការបណ្តុះទឹកចិត្តដល់ពួកគេ ឱ្យចេះស្រឡាញ់ ចូលរួមថែរក្សា ជួយឱ្យរស់ឡើងវិញ ជួយផ្សព្វផ្សាយ ជួយធ្វើអោយល្ខោនយីកេ មានរូបភាពទាន់សម័យកាល ជួយសាកល្បងបង្កើតថ្មី និងបង្កើតថ្មី ពិសេសគឺនឹងចូលរួមលើកស្ទួយសិល្បៈប្រពៃណីជាតិរបស់ខ្មែរយើង ផ្នែកយីកេដែលជាទម្រង់ល្ខោនខ្មែរអោយនៅគង់វង្សជានិរន្ត៍ ។

ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលាស្តីពី ល្ខោនយីកេ លើកទី១ រៀបចំធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ នាព្រឹកថ្ងៃច័ន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ ដែលមានសិក្ខាកាមជាសិល្បៈករ សិល្បៈការនី នឹងមន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទាំង២៥រាជធានី-ខេត្តចូលរួមផងនោះ ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវ្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍បន្តថា ប្រាកដណាស់ សិល្បៈល្ខោនយីកេ ក៏ដូចជាសិល្បៈប្រពៃណីជាតិខ្មែរយើងដទៃទៀត បើយើងពុំខិតខំធ្វើការសិក្សា ស្រាវជ្រាវ ចងក្រងរក្សាទុក និងថែរក្សាឱ្យបានគត់មត់ទេ នោះសិល្បៈវប្បធម៌ សាកលភាវូបយីកម្ម នឹងលេបត្របាក់សិល្បៈវប្បធម៌ប្រពៃណីជាតិយើង ឱ្យរលាយសូន្យសុងពុំខានឡើយ ដូច្នោះហើយ បេសកកម្មរបស់យើង គឺត្រូវបន្តការសិក្សា ស្រាវជ្រាវ រកឱ្យឃើញពីតម្លៃពិតនៃសិល្បៈល្ខោនយីកេ ដើម្បីថែរក្សាតម្លៃនោះឱ្យគង់វង្ស់ តាមរយៈការបណ្តុះផ្នត់គំនិតយុវជនជំនាន់ក្រោយ ឱ្យស្រឡាញ់ និងថែរក្សាសិល្បៈប្រពៃណីជាតិខ្មែរ និងល្ខោនយីកេនេះ ។

ឯកឧត្តម សំរាំង កំសាន្ត បានបន្ថែមទៀតថា យុវជនជំនាន់ក្រោយ គឺជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនសម្រាប់ សង្គមជាតិទៅថ្ងៃអនាគត់ ហើយអ្វីដែលយុវជនត្រូវមានតួនាទីនៅក្នុងសិល្បៈវប្បធម៌ខ្មែរនោះ គឺការចូលរួមចំណែកថែរក្សា សិក្សា ស្រាវជ្រាវ នឹងចងក្រងទុករាល់ឯកសារនានាទាក់ទងនឹងល្ខោនយីកេនេះ ហើយរួមគ្នាសាបព្រោះទៅដល់យុវជនដទៃទៀតឱ្យយល់ពីគុណតម្លៃរបស់សិល្បៈវប្បធម៌ជាតិរបស់ខ្លួន ដើម្បីកុំអោយវប្បធម៌បរទេសជ្រាបចូលទៅក្នុងស្រទាប់ យុវវ័យខ្លាំងពេក ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ សំរាំង កំសាន្ត សង្ឃឹមជឿជាក់ថា អង្គសិក្ខាសាលានេះ នឹងរកឃើញពីបញ្ហាប្រឈម ចំពោះមុខរបស់សិល្បៈល្ខោនយីកេដែលត្រូវដោះស្រាយ តម្លៃពិត ទាំងក្នុងរូបភាព និងខ្លឹមសារ នៃសិល្បៈល្ខោនយីកេដែលចាំបាច់ត្រូវថែរក្សាឱ្យបានគង់វង្ស តួនាទី និងភារកិច្ចរបស់យើងជាកូនខ្មែរគ្រប់រូប ក្នុងការលើកកម្ពស់ថែរក្សានិងការអភិវឌ្ឍសិល្បៈល្ខោនយីកេ តាមរយៈការផ្សារភ្ជាប់បានល្អ រវាងយីកេបុរាណ និងយីកេសម័យ ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស