សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នៅក្រុងព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ រួមជាមួយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹក ជំនន់ ចំនួន៩ គ្រួសារដែលបានគេចចេញពីការជន់លិចលំនៅដ្ឋាន និងបានមកបោះតង់ស្នាក់នៅជាបណ្តោះអាសន្ននៅតាមទីទួលដែលមានសុវត្ថិភាព ស្ថិតនៅក្នុងភូមិដំណាក់ និងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារដែលប្រជាពលរដ្ឋរងគ្រោះទាំងនោះរួមមានគ្រួសារជនពិការចំនួន២គ្រួសារ ចាស់ជរា២គ្រួសារ ស្រ្តីមេម៉ាយខ្វះខាត១គ្រួសារ និងគ្រួសារមានជីវភាពក្រីក្ររមានកូនច្រើនចំនួន៤គ្រួសារ។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិ ការសាខា កាកបាទក្រហមខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ចនិងនៅគ្រប់ទីកន្លែងពិសេសនៅពេលដែលបងប្អូនជួបនូវគ្រោះភ័យផ្សេងៗ ពោលគឺទីណាមានការលំបាកទីនោះមានកាក បាទក្រហមកម្ពុជា។ ឯកឧត្តមក៏បានផ្តាំផ្ញើសូមអោយបងប្អូនថែរក្សាសុខភាព អោយបានល្អត្រូវហូបទឹកស្អាត ជានិច្ច និងត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងពេលទឹកឡើងពិសេស ការពារកូនតូចៗ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សម្ភារផ្តល់ជូនរួមមានក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥ គីឡូ មី១ កេស ត្រីខ១ យួរ ទឹកស៊ីអីវ១ យួរ តង់ ១ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកាមួយ ចំនួន៕​

ដោយ៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

សម្រួលផ្សាយ៖ កន​ ចំណាន