កម្លាំងប្រតិបត្តិការទាំង ៣ប្រភេទ រួមជាមូយមន្ទីរសារធារណ:ការនិងដឹកជញ្ជូន បានយកបេខ្សាច់ទប់ស្កាត់ទឹកហូរកាត់ថ្នលជាតិលេខ៦ ក្នុងស្រុកស្ទោង

(កំពង់ធំ)៖ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការសង្គ្រោះការខូចខាតនូវកំណាត់ផ្លូវជាតិលេខ៦ កម្លាំង ប្រតិបត្តិការប្រមាណជា៣៥០នាក់ ដឹកនាំដោយលោក ជូ កូល្លា ប្រធានមន្ទីរសាធារណៈការ ដឹកជញ្ជូនខេត្តកំពង់ធំ បានយកបេខ្សាច់បិទ ទប់ទឹកការពារទឹកហូរច្រោះដាច់ផ្លូវជាតិលេខ៦ ត្រង់ចំណុចកំពង់ចិនជើង ស្រុកស្ទោង ខេត្ត កំពង់ធំ ។

កម្លាំងសហប្រតិបត្តិការក្នុងនោះមាន មកពីអង្គភាពចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ១០០ នាក់ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចំនួន១៥០ នាក់ និងកម្លាំង អង្គភាព កងរាជ អាវុធហត្ថ ខេត្តកំពង់ធំ ១០០នាក់ រួមជាមួយមន្ត្រីមន្ទីរសាធារណការ ខេត្តកំពង់ធំ បានចុះទប់ស្កាត់ ការពារការហូរច្រោះពីជំនន់ទឹកភ្លៀង ចាប់ពីម៉ោង ៣ ទៀបភ្លឺ, ម៉ោង១១ ព្រឹកថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២០ ។

ក្នុងឱកាសនេះដែរឯកឧត្តម សុខ លូ អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ធំ ប្រធាន គណៈបញ្ជាការឯកភាពខេត្ត បាននាំយកទឹកសុទ្ធនិងម៉ាៗមកឧបត្ថម្ភជូនកម្លាំង ដែលកំពុងតែប្រតិបត្តិការ បិទការពារទឹកហូរច្រោះ នៅផ្លូវជាតិនៃ៦ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញ ដឹកនាំក្រុមការងារ ពិនិត្យស្ថានភាពទឹកជំនន់ នៅបណ្ដាលស្រុកមួយចំនួនទៀត ក្នុងខេត្តកំពង់ធំ ។

សូមបញ្ជាក់ផងដែរ ជំនន់ទឹកភ្លៀង បានហូរកាត់ថ្នល់នៅចំណុខាងលិច ទីរួមស្រុកស្រុកស្ទោង ប្រមាណ ពីរគីឡូម៉ែត្រ ក្នុងនោះ ក៏ពុំទាន់ឃើញមានរបាយការណ៍ជាក់លាក់ណាមួយ ដែលបញ្ជាក់ថា មានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ និង គ្រោះ ថ្នាក់ ដោយសារទឹកជំនន់ទឹកភ្លៀងនេះឡើយ ទេ ។

រីឯចំណុចទីតាំង ដែលកម្លាំងទាំងបីប្រភេទ បានធ្វើការបិទដោយបេខ្សាច់ តាមចិញ្ចើមផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រាចនេះ បានទប់ស្កាត់ទឹកមិនឲ្យហូរកាត់ថ្នល់ បានទាន់ពេលវេលា ដែលមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ នៅក្នុងស្រុកស្ទោង ។

ក្រោមការយកចិត្តទុកដាក់យ៉ាងមមាញឹករបស់ឯកឧត្តមអភិបាលខេត្ត បានចេញបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន អាជ្ញាធរស្រុកភូមិឃុំទូទាំងខេត្ត តាមដានសភាពការណ៍ទឹកជំនន់ទឹកភ្លៀងនេះ ឲ្យបានម៉ត់ចត់ ដើម្បីត្រៀមជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងការលិចលង់និងគ្រោះថ្នាក់ដោយសារទឹកជំនន់នេះ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

សម្រួលផ្សាយដោយ៖ កន ចំណាន