កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ សហវ.អថ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ ២០២០

(ព្រៃវែង)៖ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ស៊ុន ចំណាន ប្រធានរតនាគារខេត្តខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ សហវ.អថ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ ២០២០ និងប្រកាសលេខ ៦៦៣  សហវ.ប្រក ស្តីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ(សម្រាប់អនុវត្តន៍ ២០២១) ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៅតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត ពិធីនេះធ្វើនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ថ្លែងនៅក្នុងឱកាសនោះផងដែរលោក ទួន សុគន្ធ ដែលជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តក៏បានប្រកាសបើកនូវសារាចរណែនាំ លេខ០០៨ សហវ.អថ ស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ ២០២០ និងប្រកាសលេខ ៦៦៣ សហវ.ប្រក ស្តីនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ (សម្រាប់អនុវត្តន៍ ២០២១)ដើម្បីឲ្យមន្ត្រីជំនាញនៅតាមមន្ទីរអង្គភាពនានាក្នុងខេត្ត ដើម្បីអនុវត្តនូវសារាចរណែនាំ និងប្រកាសនេះដើម្បីធានានិរន្តរភាពការងារអោយបានល្អប្រសើរ និងបញ្ចប់ទៅដោយរលូននូវចំណូលចំណាយថវិកាថ្នាក់ជាតិឆ្នាំ ២០២០ របស់មន្ទីរអង្គភាពនានាជុំវិញខេត្ត និងដើម្បីបន្តអនុវត្តការងារសម្រាប់ឆ្នាំ ២០២១ នាពេលខាងមុខ។

លោកប្រធានមន្ទីរក៏បានបន្តទៀតថា ប្រាក់ចំណូលទាំងអស់ ទោះបីស្ថិតក្នុងប្រភេទចំណួលណាក៏ដោយ អាណាប័កគ្មានសិទ្ធិដកចំណូលយកទៅ ចំណាយ ឬពន្យារពេលបង់ចូលថវិកាថ្នាក់ជាតិ ដើម្បីទុកប្រើប្រាស់ជាផលប្រយោជន៍ណាមួយបានឡើយ។ ដូចនេះ ប្រាក់ចំណូលទាំងអស់ប្រមូលបង់ចូលថវិកាថ្នាក់ជាតិយ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ជាកំហិត។ ដោយឡែក ចំណូល ប្រាក់ដុល្លារអាមេរិករបស់មន្ទីរជំនាញតាមរាជធានី ខេត្ត ត្រូវបង់ចូលគណនីចំណូលជាប្រាក់ដុល្លារអាមេរិករបស់ រតនាគាររាជធានី ខេត្តនៅធនាគារពាណិជ្ជ ដើម្បីធ្វើការកត់ត្រាជាចំណូលថវិការបស់មន្ទីរសាមី ឱ្យបានទាន់ពេលវេលា។

លោកប្រធានមន្ទីរបានលើកឡើងបន្តទៀតថា ទោះបីជាការងារនេះ យើងធ្លាប់បានធ្វើកន្លងមកក៏ពិតមែនក៏ប៉ុន្តែយើងត្រូវតែធ្វើសេចក្តីប្រកាសនេះឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ត្រៀមលក្ខណៈក្នុងការបិទបញ្ជីចំណូលចំណាយរបស់ខ្លួន ឲ្យបានទាន់ពេលវេលារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានកំណត់៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង

សម្រួលផ្សាយដោយ៖ កន ចំណាន