សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល​នៅ​បឹង​ស្នេហ៍ ខេត្តព្រៃវែង កំពុង​ត្រូវការ​កិច្ច​អន្តរាគមន៍​ជួយ​អភិរក្ស​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​បន្ថែម

(​ព្រៃវែង​)៖ តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួល​ព័ន្ធ​តា​ឡី ដែលជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ល្បីល្បាញ​ប្រចាំខេត្ត​ព្រៃវែង​នោះ កំពុងមាន​ការកើនឡើង​នូវ​ចំនួន​សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល ហើរ​មក​ពង​-​កូន​ពាសពេញ​ព្រៃ​លិច​ទឹក ខណៈ​ប្រជា​សហគមន៍​ដែល​ប្រចាំ​ការអភិរក្ស​នៅ​តំបន់​នោះ​មាន​ចំនួន​តិចតួច​បំផុត មិនអាច​ចុះ​ល្បាត​គ្រប់​ជ្រុងជ្រោយ​បាន​។​

​ប្រការនេះ​បានធ្វើឱ្យ​ប្រធាន​សហគមន៍​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​របស់​សត្វ​ស្លាប​ទាំងនោះ ដោយហេតុថា ខ្លាច​មាន​ជន​ឆ្លៀតឱកាស​លួច​ចូល​ប្រមាញ់​យកទៅ​បរិភោគ ឬ​លក់ដូរ​ជាដើម​។​
​លោក ប៉ាន់ យ​ន ប្រធាន​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​ទួល​ព័ន្ធ​តា​ឡី បាន​បញ្ជាក់ថា នៅ​រដូវ​ទឹកជំនន់​នេះ សត្វ​ស្លាប​ចម្រុះ​ប្រភេទ​រាប់ម៉ឺន​ក្បាល បាន​ហើរ​មក​ពង​-​កូន​ពាសពេញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​នោះ​។​

​លោក​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​សត្វ​ស្លាប​ទាំងនោះ ដោយសារ​កម្លាំង​អភិរក្ស​របស់​សហគម​ន៍​មាន​គ្នា​តែ ៥​នាក់​ប៉ុណ្ណោះ មិនអាច​ចល័ត​ចុះ​ទៅដល់​គ្រប់កន្លែង​ដែល​សត្វ​ពង​-​កូន នោះបាន​ឡើយ ហើយ​ដោយសារ​តំបន់​នេះ​មានទឹក​លិច​ច្រើន ជាហេតុ​ធ្វើឱ្យ​ជន​ឆ្លៀតឱកាស​អាច​ចូលទៅ​ចាប់​សត្វ​ដោយ​ងាយស្រួល​។​
​លោក​បាន​បន្តថា សព្វថ្ងៃនេះ សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ទួល​ព័ន្ធ​តា​ឡី​នេះ គឺមាន​ការកើនឡើង​យ៉ាងច្រើន ហើយ​ក្នុង​រដូវវស្សា​នេះ​ជា​ជា​រដូវ​ទឹកជំនន់​ទៀត​នោះ នាំឱ្យ​សត្វ​ទាំងអស់​នាំគ្នា​ហើរ​មក​ពង​-​កូន​ក្នុង​មួយថ្ងៃ​យ៉ាងហោច​ណា​ច​ក៏​ជិត ១​ម៉ឺន​ពង ឬ​ស្មើនឹង ១​ម៉ឺន​កូន​ដែរ​។ សត្វ​ទាំងនោះ​មានដូចជា​សត្វ​រនាល ចង្កៀលខ្យង ក្អែកទឹក កុក ខ្វែក ទុង និង​សត្វ​ខ្សឹប​ជាដើម ហើយ​សត្វ​មួយចំនួន​នៅក្នុង​តំបន់​នេះ គឺមាន​សត្វ​ខ្លះ​បាន​ងាប់​ដោយសារ​ចាស់​អាយុ និង​ខ្លះទៀត​មាន​ជំងឺ​។ ចំណែក​ចំណី​សត្វ​ស្លាប​ទាំងនោះ មានដូចជា​ត្រី ខ្យង ក្ដាម កង្កែប​ជាដើម ដែល​ពួកវា​ហើរ​រក​ចំណី​នៅក្បែរ​តំបន់​អភិរក្ស​នេះ​។ នៅក្នុង​រដូវ​ពង​កូន​នេះដែរ ពួកវា​មិនបាន​ហើរ​ទៅ​ឆ្ងាយ​ពី​កន្លែង​សហគមន៍​នោះឡើយ ព្រោះ​ពួកវា​ត្រូវការពារ​ពង និង​កូន​របស់​វា​។​

​លោក ប៉ាន់ យ​ន បាន​បញ្ជាក់ថា នៅ​ទីតាំង​តំបន់​ទួល​ព័ន្ធ​តា​ឡី​ដែល​ភ្ញៀវទេសចរ​ធ្លាប់​មក​ដើរលេង​កម្សាន្ត និង​ទស្សនា​សត្វ​ស្លាប​នោះ ត្រូវបាន​ទឹក​លិច​ទាំងស្រុង​ហើយ ហើយក៏​មិនសូវមាន​ភ្ញៀវទេសចរ​មក​ទស្សនា​ទៀត​ដែរ​។​
​លោក ប៉ាន យ​ន បានស្នើ​ដល់​រដ្ឋបាល​ខេត្តព្រៃវែង និង​ក្រសួងបរិស្ថាន​ជួយផ្ដល់​កម្លាំង​ការពារ​បន្ថែមទៀត ដើម្បី​អភិរក្ស​តំបន់​នេះ​កុំឱ្យ​ជនល្មើស​ឆ្លៀតឱកាស ចាប់យក​សត្វ​ទៅ​លក់ ឬ​បរិភោគ ដែលនាំឱ្យ​បាត់បង់​សត្វ​ដ៏​កម្រ​ទាំងនេះ​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​បានសម្រេច​គាំទ្រ​គម្រោង​បង្កើត និង​អភិរក្ស​តំបន់​បឹង​ស្នេហ៍​ទួល​ព័ន្ធ​តា​ឡី​ដែលមាន​ទំហំ​ប្រមាណ ៣,៥៥៧ ហិកតា ស្ថិតនៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ជិតខាង ជាពិសេស​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ធម្មជាតិ​ប្រចាំខេត្ត​៕​ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង សម្រួលផ្សាយដោយ៖ ធូ កុសល