ឯកឧត្តម លឹម គានហោ ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅតាម​បណ្តា​ខេត្ត​ពាយ័ព្យ​ដែល​តំបន់​ទំនាប​ខ្លះ​បាន​លិចលង់ និង​តំបន់​ខ្លះ​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ចន្ទ ៣​កើត ខែ​ក​ត្តិ​ត ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ជា​ប្រធាន​មុខព្រួញ ក្រុមមន្ត្រី​បច្ចេកទេស និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅតាម​បណ្តា​ខេត្ត​ពាយ័ព្យ ដែល​តំបន់​ទំនាប​ខ្លះ​បាន​លិចលង់ និង​តំបន់​ខ្លះ​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដោយសារ​បានទទួល​ប​រិ​មាណទឹក​ភ្លៀង​ធ្លាក់​យ៉ាងច្រើន​លើសលប់ ជាមួយនិង​លំហូរ​ទឹក​ពី​ផ្នែក​ខាងលើ​ពី​ភាគី​ថៃ​បន្ថែម ហើយ​ពេលនេះ​កំពុង​ស្ថិតនៅ​ជ្រលង​វិ​សម្ពាធ​ទាប​នឹងមាន​ភ្លៀង​ធ្លាក់​បន្តទៀត​រហូតដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ។

​នៅក្នុង​ដំណើរ​បេសកកម្ម ពិនិត្យ និង​អន្តរាគមន៍​ដោះស្រាយ​ជំនន់​ទឹកភ្លៀង​នៅ​បណ្តា​ខេត្ត​តំបន់​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ថា ក្រសួង​បាន​ចាត់​បញ្ជា​តាមដាន​ជាប់​ជាប្រចាំ ដោយ​បើក​រាល់​បណ្តា​ទ្វារ​ទឹក​ផ្នែក​ខាងលើ សម្រាប់​សម្រួល​ចរន្តទឹក​ហូរ​ចុះទៅ​ក្នុង​បឹង​ទន្លេសាប ដើម្បី​បញ្ជៀ​ស និង​បន្ថយ​ការលិចលង់ តាំងពី​០៣​ថ្ងៃមុន​រួចស្រេច ជាក់ស្តែង​នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​បញ្ជា​ផ្ទាល់​ឲ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រើ​គ្រឿងចក្រ​កាត់​តួ​ទំនប់​ត្រពាំងវែង ស្ថិតនៅ​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ដោយ​ផ្តាច់​ទំនប់​ប្រវែង ២០​ម៉ែត្រ ដើម្បី​កាត់បន្ថយ​បិ​រ​មាណទឹក​ហូរ​ខ្លាំង កុំ​ឲ្យ​បាន​ប៉ះពាល់ និង​លិច​លង់ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅក្បែរ​ទំនប់​នោះ ។​

​ជាពិសេស​ចំពោះ​ការចុះ​តាមដាន​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបន្ទាយមានជ័យ​នា​ព្រឹក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ​ក្រសួង រួមជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី សេរី កុសល បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទំនប់​អាងទឹក​ត្រពាំងថ្ម ក្នុងស្រុក​ភ្នំស្រុក ដែលមាន​បរិមាណ​ទឹក​យ៉ាងច្រើន​ក្នុង​អាង​ប្រហែល ១៦០​លាន​ម៉ែត្រគូប (​កម្រិត​រក្សា​ទឹក​អតិបរមា ១៨០​លាន​ម៉ែត្រគូប​) ដោយ​ទទួល​ប្រភពទឹក​មួយ​ភាគ​ធំ​ពី​ច្រក​គោក​រមៀត (​អូរ​កំបុត​) និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​នាពេល​កន្លងមក ពេលនេះ​ក្រុមការងារ​ក្រសួង​កំពុង​បន្ត​បើកទ្វារ​ទឹក​ទាំងអស់ រំដោះ​ទឹក​ឲ្យ​ហូរ​ចុះទៅ​បឹង​ទន្លេសាប តាម​ប្រឡាយ​មេ​ធំៗ​ចំនួន ០៣ ខ្សែ ។​

​ចំពោះ​ស្ថានភាព​ប្រឈម​ជំនន់​ទឹកភ្លៀង​នាពេល​បច្ចុប្បន្ន ឯកឧត្តម​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ក្រសួង​ជា​ប្រធាន​មុខព្រួញ និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម តាម​បណ្តា​ខេត្ត​ពាយ័ព្យ បាន​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​កំពុង​អន្តរាគមន៍​យ៉ាង​សស្រាក់សស្រាំ​ថែមទាំង​បាន​ចល័ត​គ្រឿងចក្រ​ធុន​ធ្ងន់ សម្ភារ​: មកដល់​គោលដៅ​ជាច្រើន​ថ្ងៃ​ហើយ ដើម្បី​ការពារ និង​បន្ថយ​ផលប៉ះពាល់​ឲ្យ​បានជា​អតិបរមា​ដល់​លំនៅដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទៃដី​ដាំ​ដុះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាមួយគ្នានេះដែរ ក៏បាន​ត្រៀមលក្ខណ​:​ជាមុន ចំពោះ​ការ​ទប់​រក្សា​ទឹក​ទុក​ក្នុង​អាង​ពេល​ទឹកជំនន់​ចាប់ផ្តើម​ស្រក​ទៅវិញ សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ការងារ​បង្កបង្កើនផល​នាពេលខាងមុខ​៕ ដោយ​៖ ធូ កុសល ប្រភព​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​