ស្រុក​បន្ទាយស្រី ទទួលរង​ការគំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង !

(​សៀមរាប​)៖ គេ​ឃើញ​មាន​កម្លាំង​អន្តរាគមន៍​ជាច្រើន​ផ្នែក រួមទាំង​សម្ភារ និង​មធ្យោបាយ​ជួយសង្គ្រោះ​ផងដែរ បាន​ត្រៀម​នឹង​ចុះ​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក ខណៈពេលដែល​ស្រុក​បន្ទាយស្រី នៃ​ខេត្តសៀមរាប ត្រូវបាន​គំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង​នេះ !

​ផ្ទៃ​រងទឹក​ភ្លៀង​តំបន់ភ្នំ​គូលែន ស្រុក​បន្ទាយស្រី ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​។ ស្ថិតក្រោម​ការតាមដាន​របស់​អាជ្ញាធរ​ស្រុក បានបង្ហាញ​ឲ្យ​ដឹងថា ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ គិត​ត្រឹម​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ ទឹកស្ទឹង​បន្ទាយស្រី​បាន​ហក់​ឡើង​ពី​កំពស់​៣.៣០​ម៉ែត្រ ដល់ ៥.៥០​ម៉ែត្រ ជិត​ដល់ក​ម្រឹត​ប្រកាសអាសន្ន ( ៦.០០​ម៉ែត្រ ) ដែល​ស្ថានភាព​បែបនេះ បាន​ជំរុញ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ស្រុក ចាត់វិធានការ​ជម្លៀស​ប្រជាជន​មួយចំនួន​រស់នៅក្នុង​តំបន់​នោះ​ដែល​រង​ផលប៉ះពាល់​ខ្លាំង បញ្ជូន​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។

​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​តាមរយៈ​នៃ​បទសម្ភាសន៍​ផ្ទាល់ ក្នុងពេលដែល​កម្លាំង​អន្តរាគមន៍​របស់​ស្រុក រួមមាន​កម្លាំង​នគរបាល អាជ្ញាធរ​ដែនដី​ចុះជួយ​ប្រជាពលរដ្ឋ ដែលជា​ពិសេស​នោះ គេ​ឃើញ​មាន​កម្លាំង​សហការ​ដែល​ចូលរួម​ដោយ កង​យោធា​របស់​បញ្ជាការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ​២ និង​កម្លាំង​មួយចំនួនទៀត រួមទាំង​ម​ធ្យា​បាយ​ជម្លៀស​ជនរងគ្រោះ​ផងដែរ ដែល​ដឹកនាំ​ដោយ ឯកឧត្តម សែម សុវណ្ណនី ក្នុងនាម​ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល ចុះជួយ​ឃុំ​ខ្នារ​សណ្តាយ ក៏មាន​វត្តមាន​ផងដែរ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប​។

​សកម្មភាព​ទាំងនោះ បាន​ឆ្លុះ​បង្ហាញថា ជាការ​យកចិត្តទុកដាក់​ខ្ពស់បំផុត របស់​អាជ្ញាធរខេត្ត ស្រុក និង​កម្លាំងចំរុះ​គ្រប់ផ្នែក ដើម្បី​ត្រៀម​ចុះជួយ​ប្រជាពលរដ្ឋ បង្កា​ហា​នី​ភ័យ​នៃ​គ្រោះទឹកជំនន់ ឆ្លើយតប​តាម​អនុសាសន៍​ដ៏​មានតម្លៃ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលថា មិន​ទុក​ឲ្យ​ប្រជា​ជនណាម្នាក់​រងគ្រោះ អត់ឃ្លាន ដោយ​មិន​បានដឹង មិនបាន​ជួយសង្គ្រោះ​នោះឡើយ ។ យ៉ាងណាក៏ដោយ ក្នុងស្ថានភាព​នៃ​ការគំរាមកំហែង​នេះ បើសិនជា​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ មូលដ្ឋាន​ដែលមាន​ការព្រួយបារម្ភ​ជាងគេ គឺ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ​។

​នៅក្នុង​ហេតុការណ៍​នេះដែរ ផ្នែក​ខ្លះ​នៃ​ផ្លូវ​កៅស៊ូ​លេខ​៦៦ លេខ​៦៧ និង​ផ្លូវ​គ្រួស​ក្រហម​មួយចំនួន ត្រូវបាន​ទឹក​ហូរ​ឆ្លងកាត់ និង​កំពុង​ជន់​លិច​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​។ អាជ្ញាធរ​មូលដ្ឋាន​នៅ​គ្រប់​ភូមិ​ឃុំ​ទាំង​អស់នៃ​ស្រុក​បន្ទាយស្រី ក៏​កំពុង​ត្រៀមកម្លាំង​អន្តរាគមន៍ និង​បើក​មុខទឹក ព្រមទាំង​តាមដាន​ឃ្លាំមើល​ជាប្រចាំ ចំពោះ​ស្ថានភាព​វិ​វត្ត​នៃ​ជំនន់​ទឹកភ្លៀង​នេះ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​