គ្រួសារក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន៧៣ គ្រួសារ នៅស្រុកស្អាង ទទួលបានអំណោយមនុស្សធម៌ របស់អនុសាខាកបាទក្រហមកម្ពុជាស្រុកស្អាង

កណ្តាល៖  នៅព្រឹកថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២០  លោក ជឺ  គីមហៃ  អភិបាលរងស្រុកស្អាង តំណាងលោក  ញឹម  វណ្ណឌិន អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចែកជូនបងប្អូនគ្រួសារក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៧៣គ្រួសារ  នៅឃុំ ស្អាងភ្នំ  ស្រុកស្អាង ខេត្តកណ្តាល។
មានប្រសាសន៍នាឱកាសនោះដែរ លោក ជឺ គីមហៃ អភិបាលរងស្រុក បានលើកឡើងថា  ដោយមានការយកចិត្តទុក្ខដាក់ពី លោក ញឹម  វណ្ណឌិន អភិបាលស្រុក ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងឯកឧត្តមអភិបាលខេត្ត បានគិគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ជាពិសេសបញ្ហាទឹកជំនន់ដែលកំពុងជន់លិចលំនៅស្ថានបងប្អូនប្រជាពលរដ្ឋ ទើបទើបតែអនុស្សាខាស្រុក បាននាំយកនូវអំណោយមនុស្សធម៌ ចែកជូននៅពេលនេះ។

លោកអភិបាលរងស្រុកបន្តថា កាកបាទក្រហមកម្ពុជា  ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។

លោកអភិបាលរងស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាត ទ្រព្យសម្បត្តិជាយថាហេតុ។

អំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង ចែកជូនដល់ប្រជាពលរដ្ឋក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម មី ១០កញ្ចប់ ទឹកត្រី ១ដប ទឹកសុីអុីវ ១ដប ទឹកផ្លែឈើ២កំប៉ុង និងថវិកា ២០០០០៛ ៕