អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យការដំឡើងម៉ាស៉ីនបូមទឹក នៅក្រុងស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃសៅរ៍ ០១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមទាំងលោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម ជុក មុន្នី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលរងក្រុងស្វាយរៀង បានអញ្ជើញចុះពិនិត្យការដំឡើងម៉ាស៉ីនបូមទឹកមួយគ្រឿងបន្ថែមទៀតនៅចំណុចជាប់របងតារាងបាល់វិទ្យាល័យស្វាយរៀងផ្នែកខាងកើត ដែលត្រៀមប្រើប្រាស់សម្រាប់បូមទឹកចេញពីក្រុងឱ្យបានឆាប់ ក្នុងករណីមានការជន់លិច ព្រមទាំងប្រចាំការតាមដានស្ថានភាពអាងទឹកទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។

គិតមកដល់ថ្ងៃនេះ សង្កេតឃេីញថា ស្ថានភាពកម្ពស់ទឹកទន្លេវ៉ៃគោមានការស្រកចុះបណ្តើរៗហើយ បើប្រៀបធៀបទៅនឹងស្ថានភាពកម្ពស់ទឹកកាលពីម្សិលមិញ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរថា យើងក៏មិនត្រូវមានការធ្វេសប្រហែសនោះទេ ត្រូវបន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជានិច្ចក្នុងដំណាក់នៃប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលព្យុះនេះ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តការតាមដានស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹក និងរាយការណ៍មករដ្ឋបាលខេត្តជាប្រចាំ ដើម្បីត្រៀមលក្ខណៈជាមុនចាត់វិធានការដោះស្រាយកុំឲ្យមានការជន់លិចក្រុងស្វាយរៀង ក៏ដូចជានៅតាមបណ្ដាមូលដ្ឋានក្នុងខេត្ត ក្នុងករណីកម្ពស់ទឹកមានការកើនឡើងបន្ថែម។

ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានផ្ដល់ជូនសំបកបាវ ចំនួន ១.០០០ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីត្រៀមទុកដាក់ដីទប់ទឹកក្នុងករណីមានជំនន់ទឹកភ្លៀងផងដែរ ៕

ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស