ឯកឧត្តម សុខ លូ ផ្ដល់ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជាង ៨០០​ប័ណ្ណ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​សណ្តាន់​

(​កំពង់ធំ​): ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ចំនួន ៨៤១​ប័ណ្ណ ផ្ដល់ជូន​ដោយ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ​២០២០ នៅ​ទីទួល​សុវត្ថិភាព​ឈើទាល ក្នុង​បរិវេណ​វត្ត​ឈើទាល ឃុំ​ឈើទាល ស្រុក សណ្ដាន់ ខេត្តកំពង់ធំ​។​

​ថ្លែង​ក្នុង​ពិធី​នោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍​លើកឡើងថា វ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ ជា​ប្រភេទ​ប័ណ្ណ​ថ្មី​ដែលមាន QRCode សម្រាប់​ស្កេ​ន​ស្វែងរក​ទិន្នន័យ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ នៅលើ​ប្រព័ន្ធគ្រប់គ្រង​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង​។​
​ឯកឧត្តម​បន្ថែមទៀត វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ ជា​អាយុជីវិត​របស់​យើង ពិតជា​មានតម្លៃ​ណាស់ ដែល​វា​ជា​អ្នក​ទ្រព្យសម្បត្តិ​កម្មសិទ្ធិ​របស់​យើង សូម​រក្សា​ទុកដាក់​ឱ្យបាន​ល្អ សូមកុំ​លក់ដូរ ត្រូវ​ចេះ​ប្រមូល​ផល​ពី​ដីធ្លី​របស់​យើង ទៅតាម​រដូវ​កាល​នៃ​ការ​បង្កបង្កើនផល ពីព្រោះ​ដី​មិនអាច​កើតឡើង​ទេ ប៉ុន្តែ​មនុស្ស​អាច​កើត​បានជា​រៀងរាល់ថ្ងៃ គឺ​ទុក​សំរាប់​ចែកជូន​កូនចៅ​យើង​ជំនាន់​ក្រោយ​។​

​ឯកឧត្តម​បញ្ជាក់ថា មកដល់ពេលនេះ ស្ថានភាព​ទឹក​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ មិនទាន់​ដល់ក​ម្រឹត​កំពស់​ប្រកាស​ប្រុងប្រយ័ត្ន​នោះទេ​។ ហើយ​នៅ​បណ្តា​ថ្ងៃ​ខាងមុខនេះ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ព្រោះ​នៅមាន​ឥទ្ធិពល​នៃ​ព្យុះ​បន្ត​បោកបក់​មកលើ​ប្រទេស​កម្ពុជា​យើង អាច​នឹងមាន​ទឹក​ជន់​កើតឡើង​។ ទន្ទឹមនឹងនោះ​អាជ្ញាធរ​ខេត្ត​ក៏ដូចជា​អាជ្ញាធរ​ស្រុក ក៏បាន​ត្រៀម​រៀបចំ​ទីទួល​សុវត្ថិភាព​ចំនួន ៣​ទីតាំង​សម្រាប់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅក្នុង​ស្រុក​សណ្ដាន់​នេះ​រួចជាស្រេច សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គឺជា​សុខទុក្ខ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ជំរុញ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បន្ត​ចុះ​មូលដ្ឋាន​ដើម្បី​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅ​គ្រប់​ក្រុង​ស្រុក​ទាំងអស់ និង​ពិនិត្យមើល​ផលប៉ះពាល់​ស្រូវ​ដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ។​

​លើសពីនេះ​ទៀត​ឯកឧត្តម សុខ លូ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​សូម​រក្សា​អនាម័យ ផឹក​ស្អាត​ហូប​ស្អាត ជាពិសេស ត្រូវ​មើលថែ​ក្មេងៗ​ឲ្យ​បានល្អ ដើម្បី​ចៀស​ផុតពី​ការ​លង់ទឹក​ឆ្លង​ចរន្តអគ្គិសនី​ក៏ដូចជា​ការការពារ​ពី​សត្វ​អ​សិរ​ពិស​នានា​ខាំ​ឬ​ទិច​ជាដើម​។​ម្យ៉ាងវិញទៀត​សូម​ពុក​ម៉ែ​បងប្អូន​ដែល​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​សូម​ទៅពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ហើយ​អ្នក​ដែល​គ្រប់​អាយុ​មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សូម​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់គ្នា​និង​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ជូន​គណបក្ស​មួយណា​ដែល​យើង​ពេញ​ចិត្តនឹង​អាច​រក្សាបាន​នូវ​កត្តា​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ ជាពិសេស​មិនត្រូវ​ជឿ​លើ​ពាក្យ​ញុះញង់​របស់​ជន​អគតិ​មួយចំនួន​តូច​ដែល​មានបំណង​ចង់​បំផ្លាញ​សុខសន្តិភាព​នោះទេ​។​

​ចុងក្រោយ​ឯ​ឧ​ត្ត​ម សុខ លូ បាន​អំពាវនាវ​ដល់​បង​ប្អូ​ប្រជាពលរដ្ឋ ចូលរួម ការពារ ទប់ស្កាត់ ការ ឆ្លង រីក​រាល​ដល់​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ គ្មាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍ គ្មាន​ករណី​ស្លាប់ មានតែ​ករណី​វិជ្ជមាន​នាំចូល​តិចតួច​ដែល​បានទទួល​ការត្រួតពិនិត្យ ព្យាបាល ថែទាំ​ដោយ​គ្រូពេទ្យ​ជំនាញ​កម្ពុជា គ្រូពេទ្យ​ស្ម័គ្រចិត្ត ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រកបដោយ​ភាព​ហ្មត់ចត់​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​